ដោយ: មុនីរ័ត្ន/ភ្នំពេញ : លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជួបពិភាក្សាការងារ ជាមួយលោកស្រីខាមេម៉ូរេណូឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជាឆ្នាំ២០២១-២០២៧។ ជំនួបបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា នៅទីស្តីការក្រសួងការបរទេស។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជួបពិភាក្សាការងារ ជាមួយលោកស្រីខាមេម៉ូរេណូឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា(រូបថតក្រសួងការបរទេស)
ប្រភពក្រសួងការបរទេសបញ្ជាក់ថាក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នូវវិស័យអាទិភាពទាំងបីនៃយុទ្ធសាស្ត្រអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ដែលរួមមាន៖មួយ.កំណើនសេដ្ឋកិច្ចនិងការបង្កើតការងារ,ពីរ.កសិកម្មនិងការគ្រប់គ្រងធនធានធម្មជាតិដោយផ្តោតសំខាន់លើវិស័យជលផលនិងបី.អភិបាលកិច្ចនិងនីតិរដ្ឋ។ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុក៏បានរំលឹកផងដែរអំពីសមិទ្ធផលមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជានិងសហភាពអឺរ៉ុប។ក្នុងចំណោមសមិទ្ធផលទាំងនោះគឺមានគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយជំនួយឥតសំណងពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បូករួមនឹងឥណទានពី ធនាគារ វិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល ១៦.០០០ កន្លែង និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ខាងលើភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហាគម្លាតអភិវឌ្ឍន៍រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងការធ្វើ សមាហរណកម្មចូលទីផ្សារតំបន់ និងខ្សែច្រវាក់តម្លៃ ស្ថានភាពពលករចំណាកស្រុក ស្ថានភាព ទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជាវិស័យ ទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះ បណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពថាយុទ្ធសាស្ត្រសម្រាប់បញ្ហាខាងលើតម្រូវឱ្យមានការសម្របសម្រួលទៅតាមស្ថានការណ៍នៃការរីករាលដាលនៃជំងឺ-១៩ ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជាដែលបានអនុវត្តទាំង ក្រោមក្របខ័ណ្ឌទ្វេភាគីនិងរួមគ្នាជាមួយបណ្តាប្រទេសអឺរ៉ុបនិងដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងពីរទសវត្សន៍កន្លះកន្លងមកនេះ។លោកឧបនាយករដ្ឋមន្ដ្រីបានស្វាគមន៍ចំពោះការពិគ្រោះយោបល់បឋមនេះ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញផងដែរនូវការទន្ទឹងរង់ចាំចំពោះការបញ្ចប់នៃយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិកា រអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕សរន
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជួបពិភាក្សាការងារ ជាមួយលោកស្រីខាមេម៉ូរេណូឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា(រូបថតក្រសួងការបរទេស)
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជួបពិភាក្សាការងារ ជាមួយលោកស្រីខាមេម៉ូរេណូឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា(រូបថតក្រសួងការបរទេស)