ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មន្ត្រីការិយាល័យអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង អមដំណើរដោយអភិបាលរង ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បាននាំយកអំណោយរបស់សប្បុរសជន ជាសម្ភារសិក្សា មានដូចជា សៀវភៅ ប៊ិច និងខ្មៅដៃ ទៅប្រគល់ជូនសិស្ស ចំនួន ៣៤ នាក់ ដែលក្រីក្របំផុត តែមានចិត្តចង់រៀន នៅសាលាបឋមសិក្សា ក្រចាប់ ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។
នៅក្នុងឱកាសនោះ លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ បានមានប្រសាសន៍ថាៈ ជាការពិតណាស់ ក្រោយពីទទួលដំណឹងថា ក្មួយៗ ដែលជាសិស្សក្រីក្របំផុត ចំនួន ៣៤ នាក់ មានចិត្តចង់រៀន លោកក៏បានស្នើទៅមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំសម្ភារសិក្សា មកជូនក្មួយ នៅពេលនេះ ហេតុដូច្នេះហើយ សូមក្មួយខំរៀនសូត្រ ដើម្បីឲ្យបានក្លាយ ជាកូនល្អ សិស្សល្អ ហើយមិនត្រូវបោះបង់ ការសិក្សានោះទេ ព្រោះដើម្បីអនាគតរុងរឿង ។
ជាមួយគ្នានោះ លោក លី រតនៈ មន្ត្រីការិយាល័យ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើលោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ បង្រៀនសិស្ស ស្របតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ និងត្រូវណែនាំក្មួយៗ ឱ្យចេះអនាម័យចៀសវាងការឆ្លងជំងឺកូវីដ១៩។
លោក លី រតនៈ បានបញ្ជាក់ថាៈ ថ្ងៃនេះ លោកបាននាំយកនូវ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែលបានមកពី សប្បុរសជននានា មកផ្ដល់ជូនសិស្ស ដែលចង់រៀន ចំនួន ៣៤ នាក់ ដោយក្នុងម្នាក់ៗ ទទួលបានកាបូបមួយ ក្នុងកាបូបនីមួយៗ មាន សៀវភៅ ២០ ក្បាល ប៊ិចពណ៌ខៀវ ២០ ដើម ប៊ិចក្រហម ៥ ដើម ខ្មៅដៃ ៥ បន្ទាប់ ២ ជ័រលុប ២ ដុំ និងប្រដាប់ចិតខ្មៅដៃ ចំនួន ២ ។ ដោយឡែក នៅថ្ងៃដដែលនេះដែរ សិស្សក្រីក្រម្នាក់ ឈ្មោះ ស៊ុន ប៊ុនធឿន ដែលរៀននៅសាលាអនុវិទ្យាល័យ ជីសុវណ្ណ បានទទួលអំណោយ ជាកង់មួយគ្រឿង របស់សប្បុរសជន ពីក្រុមការងារ ខាងលើនេះ៕/V