ដោយៈម៉េងឆៃ / ភ្នំពេញៈ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមករានេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង។ ក្នុងនោះ ចលនាខឿនការពារសុខភាពប្រជាជនកម្ពុជាយើងបានកើតឡើងជាថ្មី តាមរយៈការស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែ ជូនក្រសួងសុខាភិបាល យកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយផ្តើមដំបូងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កាលពីថ្ងៃទី២៦ ខែមករា តាមរយៈសំណេរផ្លូវការនៅទំព័រហ្វេសប៊ុកផ្លុវការ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍រយៈពេល ៧ខែ ក្នុងឆ្នាំ២០២១នេះ ប្រមាណ ៩លានរៀល ក្នុងមួយខែៗ ជូនក្រសួងសុខាភិបាល យកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងកូវីដ-១៩។ ជាបន្តបន្ទាប់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមទាំងមន្ត្រីរាជការជាច្រើនរូប រហូតដល់ប្រជាពលរដ្ឋសាមញ្ញ បានប្រកាសកាត់ប្រាក់ខែ ចាប់ពី ២ខែ ដល់ ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមករា បានផ្ញើលិខិតមួយ ទៅកាន់អភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីជំរុញ ឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមមូលដ្ឋាន។ ក្រៅពីណែនាំដល់ម្ចាស់កម្មវិធីបុណ្យ រួមទាំងកម្មវិធីនានា និងភ្ញៀវចូលរួម ត្រូវអនុវត្តវិធានការសុខាភិបាល ដូចជា ត្រូវបំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជេលលាងដៃ ព្រមទាំងរក្សាគម្លាតយ៉ាងតិច ១ម៉ែត្រកន្លះឡើងទៅ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត គឺការរៀបចំតុអាហារ ត្រូវកំណត់ភ្ញៀវអង្គុយត្រឹម ៥នាក់ ក្នុង ១តុ ប៉ុណ្ណោះ។
កាលពីថ្ងៃទី២៦ ខែមករា កម្ពុជា បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយនូវទិន្នន័យជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ ដែលជាការធ្វើជំរឿន លើកទី៣ ក្នុងប្រវត្តិសាស្ត្រជាតិ។ យោងតាមលទ្ធផលនៃការធ្វើជំរឿន នៅឆ្នាំ២០១៩ កម្ពុជាមានប្រជាជន ១៥ ៥៥២ ២១១នាក់ ( ស្ត្រី ៧ ៩៨០ ៣៧៤នាក់ )។ ពិធីប្រកាសឱ្យប្រើប្រាស់ទិន្នន័យជំរឿននេះ បានធ្វើឡើង ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិជាច្រើន។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៧ ខែមករា មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោក រង្សី វិស្សុត បានប្រកាសថា វ៉ាក់សាំងកូវីត១៩ នឹងត្រូវចាក់ជូនពលរដ្ឋកម្ពុជាទូទៅ នៅក្នុងអំឡុងខែកុម្ភៈ ឬនៅមីនាខាងមុខ គ្រាដែលជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១១លានដូស នឹងត្រូវបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីជំនួយវ៉ាក់សាំងកូវីត១៩របស់ប្រទេសចិនមួយលានដូល ដែលនឹងមកដល់កម្ពុជាមុនគេ ក្នុងអំឡុងខែកុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងទុកថា វ៉ាក់សាំងការពារជំងឺកូវីត១៩ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៥០ម៉ឺននាក់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
របាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា កាលពីឆ្នាំ២០២០ ទេសចរផ្ទៃក្នុងប្រទេសកម្ពុជា ធ្លាក់ចុះ ២០ភាគរយ ខណៈទេសចរអន្តរជាតិ ធ្លាក់ចុះរហូតដល់ ៨០ ភាគរយ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ការបាត់បង់ភ្ញៀវទេសចរ ចូលមកទស្សនាកម្ពុជា ដោយសារការធ្វើដំណើរ ត្រូវបានរឹតត្បិត ដោយសារជំងឺកូវីត១៩។ តែយ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជា ការងើបឡើងវិញនៃចំនួនទេសចរផ្ទៃក្នុង ក៏បានជួយសម្រួលដល់វិស័យទេសចរណ៍ បានមួយផ្នែក ដោយបានជួយរុញច្រានមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ឲ្យបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ ជូនដល់អ្នករកស៊ីផ្នែកទេសចរណ៍ផងដែរ។
ពាក់ព័ន្ធនឹងកូវីដ១៩ នៅក្នុងសប្តាហ៍ ចុងខែមករានេះ គិតចាប់ពីថ្ងៃទី២៤ ខែមករា មកដល់ថ្ងៃទី៣០ ខែមករា នៅទូទាំងប្រទេសកម្ពុជាយើង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦នាក់ ដែលជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងនោះ ២នាក់ ជាអ្នកដំណើរមកតាមយន្តហោះ និង ៤នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ តាមព្រំដែនគោក។ ក្នុងរយៈពេល ១សប្តាហ៍នេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣៨នាក់។ ក្នុងនោះ មាន ៦នាក់ ជាអ្នកដំណើរមកកម្ពុជា តាមយន្តហោះ និង ៣២នាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ។
ជារួម គិតត្រឹមថ្ងៃទី៣០ ខែមករា នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៦៤នាក់។ ក្នុងនោះ ជាសះស្បើយ ៤៤៣នាក់ និងកំពុងសម្រាកព្យាបាល ២១នាក់ ( មានពលករមកពីថៃ ១៤នាក់ )៕សរន