ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ក្រុងប៉ោយប៉ែតនិងស្រុកអូរជ្រៅទទួលការឆ្លើយតបក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យតាមរយៈ លោកអភិបាលខេត្តនិងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរអង្គភាព ពាក់ព័ន្ធ។
វេទិការថ្ងៃទី២៩និង៣០ខែមករាឆ្នាំ២០២១ នោះមានលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តជាអធិបតី ។
វេទិការបានឆ្លើយតប និងដោះស្រាយ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយបារម្ភកង្វះទឹកធ្វើ ស្រែប្រាំង, ការជួស ជុលផ្លូវដែលរងការខូចខាតនៅតាមមូលដ្ឋាន,ប្រព័ន្ធធារាសាស្ត្រ បញ្ហាការផ្តល់សេវាសាធារណៈ ទំនាស់ដីធ្លី និងមានបញ្ហា ប្រឈមលើ ការអភិវឌ្ឍមូលដ្ឋានរបស់គាត់មួយចំនួនទៀតដែលតម្រូវឱ្យជួយដោះស្រាយជា បន្ទាន់នោះ និងមានបញ្ហាសេសសល់ និងត្រូវដាក់បញ្ចូលទៅក្នុង គម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត។
ជាមួយគ្នានោះ ឆ្លើយតបសំណើរបស់មូលដ្ឋាន លោកអភិបាលបានផ្តល់ ឯកសណ្ឋានប្រជាការពារភូមិ នៅប៉ោយប៉ែត ៥ ឈុត និងថវិកា ២០០ ដុល្លា ដល់នាយកសាលានៅអនុវិទ្យាល័យឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ដើម្បីរៀបចំបរិស្ថានក្នុងសាលាផងដែរ។
សំណើ សំណូមពរ និងបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ដែលបាននឹងកំពុងធ្វើរយៈពេល២ថ្ងៃមកនេះ លើ៤ក្រុង ស្រុក មានសំណើ សំណូមពរ បញ្ហា ប្រមាណជិត៤០០ ត្រូវបានឆ្លើយតប ដោះស្រាយជូនទាំងអស់ ក្នុងនោះនូវមានបញ្ហាសេសសល់ នឹងត្រូវយកមកពិភាក្សាដោះស្រាយបន្ត និងដាក់ក្នុងផែនការអភិវឌ្ឍនខេត្ត ។
រដ្ឋបាលខេត្តនឹងបន្តធ្វើវេទិកានេះនៅ៥ក្រុង ស្រុកទៀត ទៅតាមកម្មវិធីគ្រោងទុក៕