ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការ នៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្ស សរុបចំនួន ១១៦ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ២៥ នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមរយៈបេសកកម្មថ្មី គឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើ សុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារ ក្នុងសាលា និងវិធានការ នៃការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ ការពារ គឺពាក់ម៉ាស លាងដៃអោយញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និង ៣ កុំ គឺកុំចូលទៅកន្លែង បិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា អ្នកមានជំងឺផ្តាសាយ ឬសង្ស័យថា មានជំងឺកូវីដ-១៩។
គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែង អំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យ សមាគម TYDA ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅទីនេះ។
បន្ទាប់មក ក្រុមការងារ បានផ្តល់ជូនអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ អនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ និងសាលាបឋមសិក្សាច្រាំងចំរេះ ដោយក្នុង ១ សាលាទទួលបាន ឈុតថ្នាំច្រាស ដុសធ្មេញ ៤ កេស (១.១៥២ ឈុត) សៀវភៅ ៥០ក្បាល ម៉ាស់ ២០ ប្រអប់ (១.០០០ម៉ាស់) និងអាកុល ១ ប៊ីដុង (៣០លីត្រ) និងសិស្សានុសិស្ស ម្នាក់ៗ ទទួលបានសៀវភៅ ១ក្បាល ប៊ិច១ ដើម និងឈុតច្រាសថ្នាំដុសធ្មេញ ២ ។
សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀត របស់សមាគម TYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាល ជំងឺមាត់ធ្មេញ ជូនដល់ក្មួយៗ សិស្សានុសិស្ស។ ជាក់ស្ដែង នៅថ្ងៃនេះ បានអប់រំផ្សព្វផ្សាយ អំពីវិធានការ នៃការចម្លងជំងឺកូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ១៤១ នាក់៕/V