ដោយៈ ជា សីហៈ/ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ចំនួន៤ ក្រុមហ៊ុន នៅបួនទីតាំង ដែលបង្កើតការងារធ្វើជូនប្រជាពលរដ្ឋរាប់សិបនាក់បន្ថែមទៀត ។
ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអះអាងថា ក្រុមហ៊ុនទាំងនេះមាន ទី១- “TAPERITE PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទ (all kinds of adhesive tape) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាញ់តាបាញ់និងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
ប្រភពដដែលបានបន្តថា ទី២គឺ “XIN YUNFENG (CAMBODIA) FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៤ កន្លែង។
ប្រភពដដែលបានបន្តទៀតថា ទី៣គឺ “UNICORN FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១០កន្លែង។
ប្រភពដដែលបានបន្ថែមថា សម្រាប់ទី៤គឺ “LAURENCE FOOTWEAR CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៣៨កន្លែង៕