ហ្វឹកហ្វឺន​ជំនាញ​បច្ចេកទេស បោសសម្អាត​មីន ដោយ​ម៉ាស៊ីន​រ៉ូ​បូត ដល់​កង​យោធា​មួក​ខៀវ​

ដោយៈ យោធិន / កំពង់ស្ពឺៈ កង​យោធា​មួក​ខៀវ​កម្ពុជា ចំនួន ២៩ នាក់ បានទទួល​ការហ្វឹកហាត់ ជំនាញ​បច្ចេកទេស បោសសម្អាត​មីន ដោយ​ប្រើប្រាស់ ម៉ាស៊ីន​រ៉ូ​បូត មុន​ពេលដែល​ពួកគេ ចេញ​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ​។​

​តាម​ការបញ្ជាក់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហួត គឹម​សាន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ និង​ជា​នាយក​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព ពហុ​ជាតិ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន ជំនាញ​បច្ចេកទេស បោសសម្អាត​មីន ដោយ​ម៉ាស៊ីន​រ៉ូ​បូត កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​សាលា​ហ្វឹកហ្វឺន កងកម្លាំង​ពហុ​ជាតិ បានលើកឡើង​ថាៈ វគ្គ​ហ្វឹកហ្វឺន​ខាងលើនេះ គឺ​សំដៅ​បង្កើន​ការយល់ដឹង ឲ្យ​ដល់​កង​យោធា​មួក​ខៀវ ក្នុងការ​ប្រើប្រាស់ ឧបករណ៍​ទាំងនេះ ជា​ជំនួយ ក្នុងការ​ប្រឆាំង បន្សាប​ឧបករណ៍​កែច្នៃ ក៏ដូចជា ការដោះមីន ដើម្បី​បញ្ចៀស​នូវ រាល់​ហានិភ័យ ឲ្យ​បានជា​អតិបរិមា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ បានបញ្ជាក់​បន្ថែមថាៈ កងកម្លាំង​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ ដែល​កំពុង​បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ​ម៉ាលី ភាគច្រើន បាន​ពលី​ជីវិត បង្កឡើង​ដោយ​គ្រាប់មីន​កែច្នៃ​។​

​លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ជា​គណៈអធិបតី នៃ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន ជំនាញ​បច្ចេកទេស បោសសម្អាត​មីន ដោយ​ម៉ាស៊ីន​យន្ត​រ៉ូ​បូត​នេះ បាន​ថ្លែង​បញ្ជាក់ថាៈ ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ខ្ញុំ​សូម​អរគុណ និង​វាយតម្លៃ​ខ្ពស់ នូវ​កា​រីកចំរើន យ៉ាងខ្លាំង​របស់​សាលា PKO ក្រោម​ការគ្រប់គ្រង​ផ្ទាល់ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ NPMEC ។

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថាៈ ការរីកចំរើន​ទាំងអស់នេះ ជា​លទ្ធផល​មួយ នៃ​បណ្តា​លទ្ធផល​ជាច្រើន ក្រោម​ការដឹកនាំ ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អរគុណ​សន្តិភាព ! អរគុណ​សម្តេច​តេ​ជោ !​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាលា PKO ដែល​បាន​បណ្តុះបណ្តាល កងកម្លាំង​រក្សា​សន្តិភាព និង​ទទួលបាន​ការកោតសរសើ​រ លើ​ឆាក​អន្តរជាតិ ជាពិសេស​បាន​ចូលរួម នាំមក​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ជូន​ប្រទេស​កម្ពុជា តាមរយៈ ការបញ្ជូន​កងកម្លាំង រក្សា​សន្តិភាព នៅតាម​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ។​/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular