ប្រែសម្រួល : កញ្ញាដាលីស ៖ ស្រាវីស្គី Glen Grant អាយុ៧២ឆ្នាំមួយដបមកពីស្កុតឡែន ត្រូវគេលក់ដេញថ្លៃបានជាង ៥៤.០០០ ដុល្លារក្នុងការដេញថ្លៃមួយនៅហុងកុងកាលពីថ្ងៃសុក្រទី២៩ មករា។
នេះជាលើកទីមួយហើយដែលស្រាវីស្គី Glen Grant ផលិតដោយក្រុមហ៊ុនស្រាឯករាជ្យ Gordon & MacPhail ត្រូវបានដាក់លក់ដេញថ្លៃ។ វាជាដបទី ៨៨ ក្នុងចំណោមស្រាវីស្គីទាំង៨៨០ដបដែលផលិតដោយក្រុមហ៊ុននិងត្រូវបានដាក់លក់ដេញថ្លៃដោយក្រុមហ៊ុន Bonhams។
ស្រានេះមានតម្លៃប៉ាន់ប្រមាណពី ៣០០.០០០ ទៅ ៣៨០.០០០ ដុល្លារហុងកុង (៣៨.០០០ ទៅ ៤៩.០០០ ដុល្លារអាម៉េរិក)។
ទោះបីមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបង្កដោយជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ចំណាប់អារម្មណ៍ចំពោះស្រាវីស្គីកម្រនៅតែមានខ្ពស់។ លោក គ្រីស្តូហ្វើ ពង់ អ្នកជំនាញស្រានិងស្រាវីស្គីនៅក្រុមហ៊ុន Bonhams និយាយថា បើប្រៀបធៀបទៅនឹងទំនិញវិនិយោគដទៃទៀត ស្រាវីស្គីនៅតែលក់បានថ្លៃកប់ពពកដដែលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដោយកើនតម្លៃដល់ទៅ ៤ ដង។
ស្រាវីស្គីដទៃទៀត ដែលដាក់លក់ដេញថ្លៃកាលពីថ្ងៃសុក្រដែរនោះ រួមមានស្រាវីស្គី Hibiki អាយុ ៣៥ ឆ្នាំមកពីជប៉ុនដែលច្រកក្នុងដបសេរ៉ាម៉ិក Kutani លក់ក្នុងតម្លៃ ៣៧២.០០០ ដុល្លារហុងកុង (៤៨.០០០ ដុល្លារអាម៉េរិក)៕
ស្រាវីស្គី Glen Grant អាយុ៧២ឆ្នាំ លក់ដេញថ្លៃបាន ៥៤.៣០០ ដុល្លារអាម៉េរិក