ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ២៩ ខែ មករា បានទទួលជួបលោកស្រី ដេវយ៉ានី ឧ. ឃូប្រ៊ាហ្គឺដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបាន ឯកភាពគ្នាជម្រុញកិច្ចសហការទ្វេភាគីលើវិស័យមុខងារសាធារណៈ
និង បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៥២មកម្ល៉េះ ពិសេសនាដើមទស្សវត្សឆ្នាំ១៩៨០ ពោលគឺក្រោយពេលកម្ពុជាបានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។
ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពគ្នាខ្ពស់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងទ្វេឡើងលើវិស័យមុខងារសាធារណៈ បន្ថែមពីលើទំនាក់ទំនងកិច្ចប្រតិបត្តិការដែលមានស្រាប់កន្លងមក តាមរយៈការបណ្តុះបណ្តាលតាមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស របស់ឥណ្ឌា (ITEC) រួមមានជាអាទិ៍៖ គម្រោងនានាទាក់ទងនឹងវិស័យមុខងារសាធារណៈ ពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយនឹងក្រសួងគ្រប់គ្រងបុគ្គលិក បណ្តឹងសារទុក្ខ និងប្រាក់ សោធននិវត្តន៍ លើការកសាងសមត្ថភាពស្ថាប័ន និងកម្មវិធីសហប្រតិបត្តិការជាក់ស្តែងរវាងសាលាភូមិន្ទរដ្ឋបាល និងមជ្ឈមណ្ឌលជាតិនៃអភិបាលកិច្ចល្អ លើការបណ្តុះបណ្តាលមន្ត្រីរាជការ។ល។
ទន្ទឹមនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានស្នើជម្រើសសហប្រតិបត្តិការមួយទៀតជាលក្ខណៈត្រីភាគី រវាងប្រទេសកម្ពុជា ឥណ្ឌា និងសិង្ហបុរី តាមរយៈការពិនិត្យលទ្ធភាពរៀបចំអោយមានការបណ្តុះបណ្តាលដល់មន្ត្រីរាជការកម្ពុជានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សឹង្ហបុរី (Cambodia-Singapore Cooperation Center) នៅភ្នំពេញ៕