ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ យុវជនម្នាក់ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្តដឹកដី ធុនធំ និងម៉ូតូ បុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា នៅវេលាម៉ោង ១២ និង ៣០ នាទី រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅក្នុង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគបាលមូលដ្ឋាន បានឱ្យដឹងថាៈ យុវជនរងគ្រោះ ឈ្មោះ ណិត សុភ្រ អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1BL6203 រងការខូចខាតធ្ងន់ ។ ដោយឡែក រថយន្តធុនធំម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A 1207 រងការខូចខាតស្រាល ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ចុះរត់គេចខ្លួន បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងទៀតថាៈ តាមការពិនិត្យជាក់ស្ដែង នៅនឹងកន្លែងកើតហេតុ ឃើញថា រថយន្តដឹកដីធុនធំ ស្ថិតនៅលើចំណែកផ្លូវ របស់ខ្លួន។ ចំណែកឯអ្នកបើកម៉ូតូ ទំនងជាបើកក្នុងល្បឿនលឿន ហើយអាចបើកជែង យានយន្តនៅខាងមុខ លើដងផ្លូវ ដែលកំពុងស្ថិត ក្នុងស្ថានភាពការដ្ឋាន ស្ថាបនា រួចចូលចំណែកផ្លូវ បញ្ច្រាសទិសគ្នា បណ្ដាលឱ្យមានគ្រោះថ្នាក់ ជាយថាហេតុដូច្នេះ៕
ក្រោយពេលកើតហេតុនោះ សពជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិ នាំយកទៅលំនៅឋាន រៀបចំធ្វើបុណ្យ តាមប្រពៃណី។ រីឯវត្ថុតាងទាំង ២ ត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុក នៅអធិការរដ្ឋាន នគរបាលស្រុករលាប្អៀរ រង់ចាំដោះស្រាយ តាមនីតិវិធី៕/V