ដោយៈ មុនីរ័ត្ន/ភ្នំពេញ: តុលាការខេត្តកំពង់ឆ្នាំងបានចេញដីកាកោះហៅលោកហ្វា សាលី មេដឹកនាំសម្ព័ន្ធសហជីពជាតិឲ្យចូលឆ្លើយ បំភ្លឺនៅរសៀលថ្ងៃទី៣ ខែកុម្ភៈសប្តាហ៍ក្រោយអំពីដំណើររឿង “បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅចំណុចភូមិទួលងោក ឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
លោកហ្វា សាលី មេដឹកនាំសម្ព័ន្ធសហជីពជាតិ (រូបថតឯកកសារ)
ដីកាកោះហៅមេដឹកនាំសម្ព័ន្ធសហជីពជាតិឲ្យចូលឆ្លើយបំភ្លឺ គឺចេញដោយលោក អ៊ិត សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ចទើបតែយកទៅប្រគល់ឲ្យលោកហ្វា សាលី នៅថ្ងៃទី៣០ ខែមករនេះ។
លោកហ្វា សាលីមេដឹកនាំសម្ព័ន្ធសហជីពជាតិបានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី៣ខែមករានេះថាលោកនឹងចូលទៅឆ្លើយបំភ្លឺតាម ការកោះហៅរបស់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ។ លោកបានបញ្ជាក់ “ខ្ញុំយល់ថាវាជារឿងដែលគួរ ឲ្យខ្មាស់អៀន និងហួសចិត្តចំពោះទង្វើថៅកែមិនព្រមចូលតុចរចា បែរជាប្រើនីតិវិធីតុលាការមិនប្តឹងខ្ញុំផ្ទាល់តែម្តង។ខ្ញុំបម្រើការងារសហជីពជិត២០ឆ្នាំមកនេះពុំដែលមានតុលាការឬនិយោជកណាមួយមកប្តឹងខ្ញុំទេដោយសារតែពួកយើងធ្វើអ្វីទៅតាមនីតិវិធីច្បាប់ទាំងអស់។ ដូច្នេះយើងអំពាវនាវដល់តុលាការ ជាពិសេសព្រះរាជអាជ្ញា ក៏ដូចជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំងមេត្តាធ្វើយ៉ាងណា ពិចារណាឲ្យបានដិតដល់ពិនិត្យលើអង្គហេតុទាំងអស់នោះ ពីព្រោះអង្គហេតុដែលយើងបានសរសេរនៅក្នុងបណ្តាញសង្គមគឺយើងបាន សរសេរជាក់លាក់ណាស់ថា សហជីពរបស់យើងពុំមានគោលនយោបាយណាមួយក្នុងការធ្វើកូដកម្មបាតុកម្មដើម្បីប្រឆាំងនឹងនិយោជក ទេ។ យើងព្យាយាមរកដំណោះស្រាយគ្រប់នីតិវិធីទាំងអស់។ ដូច្នេះយើងមិនដឹងថា ពួកគាត់គិតបែបណានោះទេ ក្នុងការធ្វើបែបនេះ។”
មេដឹកនាំសម្ព័ន្ធសហជីពជាតិសង្ឃឹមថា និយោជកនឹងដកពាក្យបណ្តឹងជាបន្ទាន់លើបញ្ហានេះ ដើម្បីបញ្ជៀសទាំងអស់គ្នា ហើយលោកក៏មិនចង់ប្តឹងតបតទៅវិញពីបទបរិហាបង្កាច់កេរ្តិ៍ដូចគ្នា ហើយលោកព្យាយាមរកដំណោះស្រាយឲ្យបានល្អជាងនេះ ជៀសវាងដឹងឮដល់អ្នកបញ្ជាទិញវាធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងបាត់បង់ការងារដល់កម្មករនិយោជិត៕សរន