ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថាៈ ” ក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ កងយោធពលខេមរភូមិន្ទ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យមានការរីកចំរើន ” ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ នៅពេលលោក បានចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខ កងកម្លាំងឈរជើង តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃទី២៩ មករា កន្លងទៅនេះ និងបានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវ របស់កងវិស្វកម្ម កងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ក្រាលគ្រោះក្រហមប្រវែង ៩.៣០០ ម៉ែត្រ ស្ថិតនៅ ឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះ បានខូចខាតបំផ្លាញ ដោយគ្រោះទឹកជំនន់ កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ បានធ្វើដំណើរ ដោយងាយស្រួល។
ក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវទាំងពីរ ទីតាំងខាងលើ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងបញ្ជាការបញ្ជាការដ្ឋាន វិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាត ដោយទឹកជំនន់ឡើងវិញ ជូនប្រជាពលរដ្ឋ ធ្វើដំណើរឱ្យបានងាយស្រួល ។
លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានជំរុញដល់កំលាំងវិស្វកម្ម កងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ គុណភាព និង សោភ័ណភាពផងដែរ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនា ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅល្ងាចថ្ងៃដដែលនោះ លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរ បានបន្តដំណើរ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ដែលរងការខូចខាត ដោយគ្រោះទឹកជំនន់ ស្ថិតនៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយជ័យ ។
តាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ឱ្យដឹងថាៈ ការស្ថាបនាផ្លូវ ក្រាលក្រួសក្រហម ប្រវែង ៩.៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ ត្រូវបានកម្លាំងវិស្វកម្ម កងទ័ពជើងគោក ដឹកនាំកម្លាំង និងគ្រឿងចក្រ ចុះបំពេញភារកិច្ច កាលពីថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។ កងវិស្វកម្ម កងទ័ពជើងគោក បានប្រើប្រាស់រថយន្ត គ្រឿងចក្រ សរុប ១៧ គ្រឿង ។ ជាលទ្ធផលការងារ មកដល់ថ្ងៃនេះ បានឈូសឆាយ និងដឹកក្រួសចាក់ផ្លូវ បានប្រវែង សរុប ៣.៦០១ ម៉ែត្រ លើចំងាយផ្លូវ សរុបប្រវែង ៩.៣០០ ម៉ែត្រ ។ ក្រៅពីនេះ កម្លាំងវិស្វកម្ម បានកៀរ-កិន ក្រួសក្រហម បានប្រវែង សរុប ១.៨០០ ម៉ែត្រ។ ជាលទ្ធផល កងវិស្វកម្ម កងទ័ពជើងគោក សំរេចបាន ក្នុងការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក វាយតម្លៃជារួម សំរេចលទ្ធផលបាន ចំនួន៦០%ហើយ៕/V