ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត អាវុធហត្ថ បានចាប់ខ្លួនជនសង្ស័យ ២នាក់ នៅក្រុងសិរីសោភ័ណ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ បានដាក់ពាក្យប្ដឹង នៅមូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែតថា គាត់បានបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1N-1605 កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៨ មករា ឆ្នាំ២០២១ ក្នុងខណៈពេលគាត់ បានទុកម៉ូតូ នៅមុខតូបជាងជួសជុលម៉ូតូ ដោយភ្លេចដកកូនសោរចេញ ហើយបានដេកលក់។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថាៈ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានចាត់តាំងកម្លាំង ចុះស្រាវជ្រាវ ហើយនៅថ្ងៃបន្ទាប់ បានឈាន ដល់ការឃាត់ខ្លួន បានជនសង្ស័យ ចំនួន២នាក់ ក្នុងខណៈពេលជនសង្ស័យ កំពុងយកម៉ូតូទៅលក់ នៅចំណុចមុខកាស៊ីណូ ឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត និងដកហូតម៉ូតូ ១គ្រឿងនោះ ដូចមានក្នុងពាក្យបណ្ដឹង។
ជនសង្ស័យទាំង ២នាក់នោះ ១- ឈ្មោះ ស៊យ ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និង២- ឈ្មោះ យ៉ុន បឿត ហៅ បឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ ក.៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានក្រុង សួរចម្លើយ ជនសង្ស័ទាំង ២នាក់ បានឆ្លើយសារភាព ទទួលខុសត្រូវ ការប្រព្រឹត្តបទល្មើសនេះ ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី នៅថ្ងៃទី៣០ ខែមករា នេះ៕/V