Home ព័ត៌មានសំខាន់ៗ ប៉ូលិស​តាម​ចា...

ប៉ូលិស​តាម​ចាប់ខ្លួន​ប្រធាន​ក្រុ​ហ៊ុន B.I.D និង​បក្ខពួក​រឿង​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​រួច​យកលុយ​រត់គេចខ្លួន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សមត្ថកិច្ច​ខេត្តកោះកុង​កំពុងតែ​តាម​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន ប៊ី​ស្ស​នេស អ៊ិន​ឌី​ភែ​ន​ដិ​ន​ថ៍ ឌី​ស្ទ្រី​ប្យូ​ទ័​រ ឯ​.​ក (B.I.D) រួមទាំង​បក្ខពួក​ពីរ​នាក់​ទៀត ដែល​បាន​បោកប្រាស់​លក់​ដី​ខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​យកលុយ​អស់​ជាង ៩​ម៉ឺន​ដុល្លារ​រួច​រត់គេចខ្លួន​។​

ការ​តាម​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន​បានដាក់​ពាក្យបណ្តឹង​ប្តឹងទៅ​សមត្ថកិច្ច​ខេត្តកោះកុង រឿង​ក្រុមហ៊ុន B.I.D លក់​ដី​ពុះ​ឡូត៍​នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុ​ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​គ្មាន ដី​ឲ្យ​ប្រជាពលរដ្ឋ​ទៅវិញ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង(រូបឯកសារ)

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ប្រាប់​រស្មី​កម្ពុជា​ថា លោក បាន បញ្ញា ប្រធាន​ក្រុមហ៊ុន B.I.D និង​បក្ខពួក​ដែល​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន គឺ មកដល់ពេលនេះ​នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ​។​ជនសង្ស័យ​រត់គេច​ដ​ល់ ខេត្ត​ត្បូងឃ្មុំ​។​

ប្រភព​សមត្ថកិច្ច​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា មេខ្លោង​ចំនួន​បីនាក់ ដែល​តាមរក​ចាប់ខ្លួន​មានដូចជាៈ ១. ឈ្មោះ បាន បញ្ញា ប្រធាន​ក្រុមហ៊ុន B.I.D ។ ២. ឈ្មោះ ភន ទី​គា ។ ៣. ឈ្មោះ លី ប៊ុន​រដ្ឋ​ថី ។ ជន​ទាំង​បីនាក់​នេះ ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ចំនួន​ពីរលើក​ហើយ​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ខេត្តកោះកុង កំពុងធ្វើការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ទាំងបី​នាក់​នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

សមត្ថកិច្ច​បាន​បន្តថា សំណុំ​រឿងនេះ មាន​ដើមបណ្តឹង​ចំនួន ១៤​នាក់ ចាញ់បោក​អស់​លុយ​ចំនួន ៩៤២៦៧​ដុល្លារ​។ ដើមបណ្តឹង​មានដូចជាៈ ១. ហេង ភារ​ក្ស ២. លី ស្រី​ទូច ៣. អ៊ួ​ន ស្រីនាថ ៤. ខែត្រ កុសល ៥. កាន សម្បូរ ៦. ញូ​ត គ​ន្ធា ៧. មាស អេ​ឡែ​ត ៨. មាស អេ​ដែន ៩. មាស អេ​ឡែ​ន ១០. ឈួន ភាព ១១. អៀម ប៉ុណ្ណា​រ៉េត ១២. ម៉ក់ ទាវ ១៣. ប៉ែន វ័យ និង​ទី​១៤. យ៉​ន ចន្ថា​។​
យោងតាម​របាយការណ៍​បាន​បង្ហាញថា កាល​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុមហ៊ុន ប៊ី អាយ ឌី បាន​បើក​លក់​ដី​ពុះ​ឡូត៍ នៅ​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ លើ​ផ្ទៃដី​ពុះ​ឡូត៍​ប្រហែល ៥​ហិកតា ដោយមាន​ស្នាក់​ការលក់​មួយកន្លែង ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន បាននាំគ្នា​ទៅ​ទិញ​ដី​ពុះ​ឡូត៍​នេះ ជា​បន្តបន្ទាប់ ដោយ​បានធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​មានការ​ប្រគល់​ប្រាក់​មាន​ថតរូប​ទុកជា​ភស្តុតាង នៅ​ស្នាក់​ការលក់​របស់​ក្រុមហ៊ុន ស្ថិតនៅ​ទី​រួម​ខេត្តកោះកុង​។ ការទិញ​លក់​នេះ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​បង់ប្រាក់​ផ្តាច់ ខ្លះ​បង់​តាម​ដំណាក់កាល និង​ខ្លះ​បង់​រំលស់​។ ស្រាប់តែ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ខេត្តកោះកុង ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​គ្មាន​ដី​ប្រគល់ជូន​ពួកខ្លួន​ពិតប្រាកដ​នោះទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular