ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនខ្លួនយុវជនម្នាក់ ទៅតុលាការខេត្ត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ ហើយតុលាការ បានសម្រេចឃុំខ្លួន បន្ទាប់ពីអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួន នៅថ្ងៃទី២៩ ខែមករា ពាក់ព័ន្ធករណីប្រព្រឹត្តហិង្សា លើម្នាយបង្កើតរបស់ខ្លួន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ កូនប្រុសរមិលគុណបង្ករហិង្សាលើម្តាយបង្កើតរបស់ខ្លួននោះ ឈ្មោះ ភ័ណ និត ហៅ ជ្រូក ភេទប្រុស អាយុ២២ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ ដាំ ម៉ៅ អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រពភដដែល បានបញ្ជាក់ថាៈ ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះ ឈ្មោះ ដាំ ម៉ៅ នៅថ្ងៃទី២៩ ខែមករា ស្ដីពីករណីហិង្សា ក្នុងគ្រួសារ របស់ខ្លួននោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភ័ណ និត ហៅ ជ្រូក យកមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសួរនាំ។
ជនសង្ស័យ បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៩ មករា ក្រោយពេលហូបបាយរួច ខ្លួនបានប្រមូលខោអាវរបស់ខ្លួន និងខោអាវ របស់ប្អូនខ្លួន ដុតចោល ដោយគ្មានមូលហេតុ ។ នៅពេលនោះ ម្ដាយរបស់ខ្លួន បានស្ដីបន្ទោស និងជេរ មកលើខ្លួន ទើបឱ្យខ្លួន ផ្ទុះកំហឹង ហើយខ្លួន ក៏យកគម្របធុងទឹក គប់ទៅលើម្ដាយរបស់ខ្លួន បណ្ដាលឱ្យរងរបួស លើផ្ទៃមុខ ហើយជាំភ្នែក ខាងឆ្វេងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនក៏បានស្ទុះ ទៅច្របាច់ ក ម្ដាយថែមទៀត។
ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្នាកស្នាម ជាំលើមុខជនរងគ្រោះ ទើបកម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ នៅថ្ងៃទី៣០ ខែមករា ដោយតុលាការ បានសម្រេច ឃុំខ្លួនហើយ៕/V