ដោយៈ បាយ័ន / សៀមរាបៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តហ៊ីយាន់ដាយ ដឹកទំនិញ បានបុកជាមួយម៉ូតូរបស់ជនរងគ្រោះ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង២០ នាទី ល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ នេះ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦ នៅចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ស្រុកប្រាសាទបាគង បាននិយាយថា រថយន្តម៉ាកហ៊ីយាន់ដាយ ដឹកទំនិញ ពណ៌ស ស្លាកលេខ សៀមរាប 3A 1533 អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិច ទៅខាងកើត បានបុកជាមួយម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1Q 4875 បើកបរមានទិសដៅពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ថា អាយុ ៥៧ ឆ្នាំ ភេទប្រុស រស់នៅភូមិ ស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានបុកគ្នា ពេញទំហឹង បណ្ដាលឱ្យ អ្នកបើកម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តប្ក បានរត់គេចខ្លួនបាត់។
សមត្ថកិច្ច បានបន្តថាៈ អ្នកបើកបរម៉ូតូ ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្ត សមត្ថកិច្ច កំពុងតាមស្រាវជ្រាវ រកអត្តសញ្ញាណ ដើម្បីយកមកដោះស្រាយ តាមច្បាប់៕/V