ការបង្កើត​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចូលរួម​ការពារ សន្តិភាព​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ ២០២១ នេះ បាន​ថ្លែងថាៈ ការបង្កើត​សមាគម ចលនា​យុវជន​កម្ពុជា ១៥៧ គឺ​ក្នុង​គោលបំណង​ចលនា​យុវជន នៅ​គ្រប់​មូលដ្ឋាន ជួយ​ប្រជាជន ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នានា ជួយ​ជនពិការ ជួយ​ចាស់ជរា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ និង​ពណ៌​សម្បុរ​ឡើយ ដើម្បី​រួមជាមួយ រាជរដ្ឋាភិបាល ការពារ​សន្តិភាព ទើប​ប្រទេសជាតិ មានការ​អភិវឌ្ឍ​។​

​លោក ម៉ឹង​ពន្លក បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​បើក​ទីស្នាក់ការ សមាគម​ចលនា យុវជន​កម្ពុជា ១៥៧ សាខា​ខេត្តកំពង់ឆ្នាំង នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលមាន​អាជ្ញាធរខេត្ត អាជ្ញាធរ​ឃុំ​ស្រុក និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ។​

​លោក ម៉ឹង ពន្លក បាន​បន្តថាៈ មាន​សន្តិភាព ទើប​មាន​អ្វីៗ​ទាំងអស់ នៅថ្ងៃនេះ បើ​គ្មាន សន្តិភាព​ទេនោះ កុំថាឡើយ សូម្បីតែ​សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក៏​ពុំមាន​ដែរ​។ ដូច្នេះ ក្នុងនាម​យុវជន​កម្ពុជា ត្រូវតែ​ចូលរួម ក្នុង​ចលនា​យុវជន​ទាំងអស់គ្នា​ដើម្បី​រួមគ្នា​ការពារសុខសន្តិភាព ឲ្យ​បានជា​ដាច់ខាត​។​

​លោក​បាន​បន្តទៀតថាៈ គិត​មកដល់​ថ្ងៃនេះ សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ បានកើត មាន​ចំនួន ១៤ ខេត្តហើយ រាប់ទាំង​សា ខា ក្នុង​ខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ​ផងដែរ ។ ដោយ កន្លងមក​សមាគមរ​បស់​យើង បាន​ចុះជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់ ក្នុង​ឆ្នាំ​២០១៩ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បាន​ជាង ៥០០ គ្រួសារ ។ ហើយ​កាលពី​ឆ្នាំមុន នៅ​ខេត្តសៀមរាប សមាគម​យើង ក៏បាន​រៀបចំ​ចលនា​យុវជន ក្នុង​ខេត្តសៀមរាប ជិះ​កង់ រួមគ្នា រៃអង្គាស​គ្នា បាន​ប្រា​ក់ជាង ៨ ម៉ឺន​ដុល្លារ យកមក​ជួយឧបត្ថម្ភ មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​នេះ បាន​ថ្លែងថាៈ នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សមាគម​ជាង ១០០ ហើយ​ដែលមាន សមាជិក​សរុប ជាង ៣ ម៉ឺន​គ្រួសារ និង​ក្នុងទិសដៅ​ខាងមុខ សមាគម​ទាំងអស់ នៅក្នុង​ខេត្ត និង​ពង្រីក​សមាជិក​របស់ខ្លួនឲ្យ​បាន ២០ ម៉ឺន​គ្រួសារ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ របស់គាត់ នៅតាម​មូលដ្ឋាន​។​

​ដោយឡែក លោក​ក៏​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ ផងដែរ សូមជួយ​ដល់​សមាគម ដាំ​ដំណាំ​កសិកម្ម នៅ​ឃុំ​ទឹក​ហូត និង​សមាគម​ទេសចរណ៍ នៅ​ទឹកធ្លាក់​ស្រែអំពិល ជាដើម ដែល​កំពុងធ្វើការ​អភិវឌ្ឍ​ខ្លួន​បានល្អ ដើម្បី​លើកកម្ពស់ សកម្មភាព ដែល​កំពុងមាន​ការអភិវឌ្ឍ នៅក្នុង​សមាគម​។​

​ក្នុងពេល​នោះដែរ លោក​ក៏​សូម​អំពាវនាវ​ដល់ អាជ្ញាធរ​គ្រប់​មូលដ្ឋាន នៅក្នុង​ខេត្ត សូម​សហការ​ជាមួយ សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ និង​សហគមន៍​ទាំងអស់ នៅក្នុង​ខេត្ត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​យើង ឲ្យ​ទទួលបាន​ជោគជ័យ និង​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព ព្រោះថា បើ​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ។​

​នៅក្នុង​ពិធី​នេះ លោក ម៉ឹង ពន្លក ក៏បាន​ប្រកាស​ទទួលស្គាល់​លោកស្រី ចាន់​ផល្លី ជា​ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា ១៥៧ សាខា​ខេត្តកំពង់ឆ្នាំង និង​ថ្នាក់ដឹកនាំ សាខា​មួយចំនួនទៀត ហើយ​ក៏បាន​ចូលរួម​កាត់​ខ្សែបូរ សម្ពោធ​បើក​ទីស្នាក់ការ​សមាគម ចលនា​យុវជន​កម្ពុជា ១៥៧ ខេត្តកំពង់ឆ្នាំង និង​ចូលរួម​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ ចាស់ជរា ចំនួន ២០ គ្រួសារ ដែល​មកពី​បណ្តា​មូលដ្ឋាន​នានា ក្នុងនោះ​អំណោយ​ដែល​បាន ចែកជូន រួមមាន អង្ករ ទឹក​ស៊ី​អ៊ីវ ទឹកត្រី គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ផងដែរ ដើម្បី​ជួយ​ដោះស្រាយ​ការខ្វះខាត​របស់​ពួកគាត់ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular