ដោយៈ រិទ្ធិសែន/ពោធិសាត់ៈ ដើមកញ្ឆាស្រស់ ចំនួន ៦១៨៩ ដើម ដែលក្រុមជនល្មើស លបលួចដាំ នៅក្នុងព្រៃជ្រៅ ត្រូវបានសមត្ថកិច្ច ស្រុកភ្នំក្រវាញ ដកនិងដុតបំផ្លាញចោល មួយករណីទៀតហើយ បន្ទាប់ពីករណីដូចគ្នានេះ កើតមាននៅក្នុងស្រុកបាកាន ។
លោកវរសេនីយ៍ឯក តាន់គារិទ្ធ អធិការនគរបាល ស្រុកភ្នំក្រវាញ បានឱ្យដឹងថាៈ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ សហការ ជាមួយកងរាជអាវុធហត្ថ និងប្រជាការពារ បានចុះបង្ក្រាបករណី ដាំដុះរុក្ខជាតិញៀន ប្រភេទកញ្ឆាស្រស់ ដែលក្រុមជនល្មើស លបលួចដាំ ចំនួន ២ កន្លែង សរុប ៦.១៨៩ ដើម នៅចំណុចក្នុងព្រៃគំនម ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ។ នៅក្នុងការបង្ក្រាប នេះ សមត្ថកិច្ច បានប្រមូលយកវត្ថុតាង រុក្ខជាតិញៀន ប្រភេទកញ្ឆាស្រស់ ចំនួន ៦១៨៩ ដេីម ហើយបានដុតបំផ្លាញចោល នៅនឹងកន្លែងតែម្តង។
សូមបញ្ជាក់ថា នៅក្នុងខែមករា នៃឆ្នាំ២០២១ នេះ សមត្ថកិច្ចនគបាលខេត្តពោធិសាត់ បានបង្ក្រាបដំណាំកញ្ឆា ដែលជាសារធាតុញៀន បាន ៣ ករណី គឺនៅស្រុកវាលវែង ស្រុកបាកាន និងស្រុកភ្នំក្រវាញនេះ ៕/V-PC