ប្រែសម្រួលៈវាសនា/ហាណូយ៖ ការឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន១៤ករណីទៀតត្រូវបានរកឃើញនៅវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យនៅពេលការផ្ទុះកូវីដ១៩ចុងក្រោយនេះបានរាលដាលទៅដល់៨ទីតាំងនិងចម្លងមនុស្សសរុប២២១នាក់។
កាលពីយប់ថ្ងៃសៅរ៍ ក្រសួងសុខាភិបាលវៀតណាមអះអាងអំពីការរកឃើញអ្នកឆ្លង២៧នាក់បន្ថែមដោយមួយករណីជាបុរសអាយុ២៨ឆ្នាំរស់នៅក្រុងហូជីមីញភាគខាងត្បូង។បុរសនេះទើបវិលមកពីចូលរួមមង្គលការគេនៅខេត្តហាយ ហ្វឿង ភាគខាងជើងដែលជាចំណុចផ្ទុះជំងឺកូវីដ១៩បច្ចុប្បន្ន។
ការផ្ទុះជំងឺក្នុងសហគមន៍ ចម្លងមនុស្ស២២១នាក់តែក្នុងរយៈពេល៤ថ្ងៃមកនេះ បានកើតឡើងនៅមុននពេលវៀតណាមអបអរពិធីចូលឆ្នាំថ្មី នៅថ្ងៃ១២កុម្ភៈដែលជាពេលធ្វើដំណើរនិងជួបជុំគ្រួសារដ៏ធំប្រចាំឆ្នាំ។
ឥឡូវសូម្បីតែប្រភពនៃការផ្ទុះជំងឺចុងក្រោយនេះក៏មិនទាន់កំណត់បាន ដោយអ្នកជំងឺដំបូងជាបុរសម្នាក់ធ្វើការនៅអាកាសយានដ្ឋានមួយក្នុងខេត្តក្វាងនិញភាគខាងជើង និងស្ត្រីម្នាក់ជាកម្មករនៅរោងចក្រមួយក្នុងខេត្តហាយ ហ្វឿង។
ល្បឿននៃការចម្លងជំងឺនៅពេលនេះលឿន នាំអោយពួកអ្នកជំនាញការសុខភាពធ្វើការវិភាគវីរុសលើអ្នកជំងឺ២នាក់ដំបូង ដោយផ្អែកលើទ្រឹស្តីថា វាអាចជាវីរុសកូរ៉ូណាដូចគ្នានឹងវីរុសនៅអង់គ្លេសដែលចម្លងខ្លាំងជាវីរុសដើមដល់ទៅ៧០ភាគរយ៕
វៀតណាមមានអ្នកឆ្លងកូវីដ១៩សរុប ១.៧៨១នាក់ និង៣៥នាក់ស្លាប់ តាំងពីមុនមក៕
ទាហានបាញ់ថ្នាំសម្លាប់មេរោគនៅមណ្ឌលចត្តាឡីស័កមួយនៅហាយ ហ្វឿង កាលពីថ្ងៃ៣០មករា