ដោយ :ភ្នំស្វាយ / បន្ទាយមានជ័យ:គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី៣០ខែមករា បានអញ្ជើញធ្វើទស្សនកិច្ច និងបានជួបសំណេះសំណាលសួរសុខទុកជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅវីទ្យាល័យ ហ៊ុន សែន ខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកហ៊ូ ប៊ុនហេង ទីប្រឹក្សាទទួលបន្ទុកអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានជូនដំណើរ ។
ចំណែកលោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន ,នាយករងនិងលោកគ្រូអ្នកគ្រូបានទទួលបដិសណ្ឋារកិច្ចនិងរាយការណ៍ពីិដំណើរការពីការងាររដ្ឋបាលគ្រប់គ្រង ការបង្រៀន រៀន ព្រមទាំងការអភិវឌ្ឍន៍ កែលម្អគ្រឹះស្ថានសិក្សានេះនិងបរិស្ថាន អនាម័យ ។
នាឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានញ្ជើញចុះអង្កេតការបង្រៀន និងរៀននៅតាមថ្នាក់រៀននីមួយៗ ,នៅបន្ទប់សិក្សាកុំព្យូទ័រ ការរៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ដែលសិស្សានុសិស្សកំពុងសិក្សាយ៉ាងសកម្មដោយការសិក្សាទ្រឹស្តីបានផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងដែលធ្វើឲ្យដំណើរការបង្រៀន និងរៀនទទួលបានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិតបានបន្តថា ៖នេះបញ្ជាក់ឲ្យឃើញអំពីការខិតខំប្រឹងប្រែងអំពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ក្រុងគណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងការចូលរួមចំណែកលើកកម្ពស់ការអប់រំនៅកម្ពុជា ៕សរន