Home ព័ត៌មានសំខាន់ៗ ឃាត់ខ្លួនយុវជ...

ឃាត់ខ្លួនយុវជនម្នាក់ករណីលួងលោមពង្រត់ រំលោភយុវតីអាយុ១៦ឆ្នាំ និងរកឃើញគ្រឿងញៀនមួយចំនួន

ដោយ :ប.ជ័យ / បន្ទាយមានជ័យ:កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងបានឃាត់ខ្លួនយុវជនម្នាក់ករណីលួងលោមពង្រត់ រំលោភយុវតីអាយុ១៦ឆ្នាំ។ពោលគឺក្រោយការលេងឆាតតាមហ្វេសប៊ុក ។ពេលបង្ក្រាបនៅផ្ទះសំណាក់ឃើញវត្ថុតាងគ្រឿងញៀនទៀត។

លោកវរសេនីយ៍ ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងថាឈ្មោះ អឿន លឹប ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យដាក់ពាក្យបណ្ដឹងចុះថ្ងៃទី២៩ ខែមករា បានប្ដឹងចោទប្រកាន់លើឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ (ពូជីទួតមួយ)រស់នៅភូមិខ្នាចអំពេរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បាននាំកូនស្រីគាត់អាយុ១៦ឆ្នាំ រត់ចេញពីផ្ទះកាលពីថ្ងៃទី២៥ខែមករា។

ក្រោយពីទទួលបានពាក្យបណ្ដឹង នឹងមានតម្រុយថា ជនសង្ស័យទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ទើប ដឹកនាំកម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធស្រុកមោងឫស្សី ខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតរកឃើញជនសង្ស័យស្នាក់ក្នុងផ្ទះសំណាក់ឈ្មោះម៉ារី ហើយធ្វើការឃាត់ខ្លួនតែម្ដង។

លោក វរសេនីយ៍ត្រី ធឿង វាសនា បានឱ្យដឹងបន្តថាពេលឃាត់ខ្លួនជនសង្ស័យរូបនេះបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៤កូនថង់ ស្មើនឹងទម្ងន់១៤,៣៨ក្រាមផងដែរ ហើយបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ប/ជ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យបានសារភាពថា រូបគេមានទំនាក់ទំនងស្នេហាជាមួយក្មួយស្រីជីទួតមួយតាមរយៈលេងតាមការជជែកលេងឬឆាតហ្វេសប៊ុក ។
បន្ទាប់មករូបគេក៏មកលេងដល់ផ្ទះជនរងគ្រោះ រហូតដល់ថ្ងៃទី២៥ខែមករាក៏បាននាំគ្នារត់ចេញពីផ្ទះទៅស្នាក់នៅផ្ទះសំណាក់ក្នុងស្រុកមង្គលបូរីចំនួន២យប់ ហើយបន្តទៅស្នាក់នៅផ្ទះសំណាក់ម៉ារី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន៣យប់ទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

យុវជនសង្ស័យបន្តថា ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចបានដកហូតនោះ ខ្លួនពិតជាបានទិញមកដើម្បីទុកលក់បន្ត និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផងដើម្បីអោយសប្បាយនិងមានកម្លាំងខ្លាំង ។

ដោយផ្អែកលើបណ្ដឹងជនរងគ្រោះ និងបានចម្លើយសារភាព ព្រមទាំងមានវត្ថុតាងគ្រឿងញៀន គឺមានភាពស៊ីសង្វាក់យ៉ាងជាក់លាក់ នៃបទល្មើស ការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យ និងវត្ថុតាង កាលពីថ្ងៃទី៣០ខែមករាត្រូវបានកម្លាំងជំនាញ អាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular