ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ក្នុងចំណាត់ការមួយដែលអាចសម្រាលការព្រួយបារម្ភក្នុងប្រទេសដែលថាកងកម្លាំងប្រដាប់អាវុធអាចធ្វើរដ្ឋប្រហារដណ្តើមអំណាចដោយសារជម្លោះលទ្ធផលឆ្នោត យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ បាននិយាយថាខ្លួននឹងការពារព្រមទាំងគោរពរដ្ឋធម្មនុញ្ញរបស់ប្រទេស ហើយអនុវត្តស្របតាមច្បាប់ ។
យោធាបាននិយាយថា សម្តីកាលពីពេលថ្មីៗរបស់អគ្គមេបញ្ជាការកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង អំពីការលុបចោលរដ្ឋធម្មនុញ្ញ ជាការបកស្រាយខុស ដោយ«យោធាការពាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ហើយនឹងធ្វើសកម្មភាពស្របតាមច្បាប់។អង្គការនិងប្រព័ន្ធផ្សព្វផ្សាយខ្លះបានស្មានតាមអ្វីដែលពួកគេចង់និងបានសរសេរថា យោធានឹងលុបចោលរដ្ឋធម្មនុញ្ញ»។
គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះការបោះឆ្នោតកន្លងទៅ បាននិយាយថា សេចក្តីថ្លែងការណ៍របស់យោធាជា«ការពន្យល់បកស្រាយសមហេតុផល»។
អ្នកនាំពាក្យរបស់គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យបានប្រាប់សារព័ត៌មានបរទេសមួយថា គណបក្សចង់អោយយោធាជាអង្គការមួយដែលទទួលយកបំណងប្រាថ្នារបស់ប្រជាជន ពាក់ព័ន្ធនឹងការបោះឆ្នោត។
ភាពតានតឹងនយោបាយបានកើនឡើងនៅសប្តាហ៍មុននេះនៅពេលអ្នកនាំពាក្យយោធាមិនព្រមបដិសេធលទ្ធភាពកើតមានរដ្ឋប្រហារយោធាមួយ នៅពេលតែប៉ុន្មានថ្ងៃមុនសភាថ្មីបើកប្រជុំលើកដំបូងនិងបានព្រមានថា កងកម្លាំងប្រដាប់អាវុធ អាច«ចាត់ការ» បើបណ្តឹងតវ៉ារបស់ខ្លួនស្តីពីការលួចបន្លំការបោះឆ្នោតមិនត្រូវបានដោះស្រាយ។
វាក៏បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ច្រានចោលការចោទប្រកាន់ខាងលើរបស់ក្រុមយោធា ដោយថាមិនមានកំហុសឆ្គងធំល្មមដែលប៉ះពាល់ដល់ជំនឿចិត្តនៃការបោះឆ្នោតកាលពីខែវិច្ឆិការឆ្នាំមុននេះទេ៕
សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងនិងជុំវិញទីក្រុងណៃពីដោរបស់មីយ៉ាន់ម៉ា មុនសភាបើកកិច្ចប្រជុំនៅថ្ងៃ០១កុម្ភៈ