ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក ជួហ្គិន ក្លប់ អាចនឹងត្រូវបង្ខំចិត្តដាក់ដៃគូខ្សែការពារកណ្តាលទី ១២ ផ្សេងគ្នាក្នុងការប្រកួត Premier League លើកទី ២១ របស់ពួកគេនៅរដូវកាលនេះ។
របួសរយៈពេលវែងរបស់ វើជីល វ៉ាន់ដែក និង ចូ ហ្គោម៉េស បានបន្សល់ទុកឱ្យលោកក្លប់នូវខ្សែការពារកណ្តាលងាយរបួស ចូល ម៉ាធីប ម្នាក់គាត់។
ប៉ុន្តែឥឡូវ ម៉ាធីបក៏របួសដាច់សរសៃកជើងដែរ ហើយនឹងត្រូវខកខានដំណើរទៅសួរសុខទុក្ខក្រុមញញួរធំ West Ham នៅថ្ងៃអាទិត្យ។
ខ្សែបម្រើហ្វាប៊ីញ៉ូត្រូវបានប្រើក្នុងតំបន់ការពារកណ្តាលជាមួយនឹងភាពជោគជ័យមួយចំនួន ប៉ុន្តែរូបគេក៏របួសសាច់ដុំកាលឈ្នះលើក្រុមមាន់ខ្នាយមាស Tottenham កាលពីថ្ងៃព្រហស្បតិ៍ផងដែរ ដូច្នេះនឹងមិនមានវត្តមានចុងសប្តាហ៍នេះទេ។
កត្តានេះនឹងទុកជម្រើសឱ្យលោកក្លប់ដាក់ខ្សែបម្រើ ចូដាន ហិនដឺសុន ចាប់ដៃគូជាមួយណាត ហ្វីលីព (បង្ហាញខ្លួនឱ្យ Liverpool ៥ ដង) ឬ រ៉ាយ វីលលៀម អាយុ ១៩ ឆ្នាំ (បង្ហាញខ្លួន ១២ ដង) ដូច្នេះវានឹងក្លាយជាការចាប់ដៃគូការពារកណ្តាលលើកទី១២សម្រាប់ហង្សក្រហមនៅរដូវកាលនេះ៕
ម៉ាធីបរបួសដាច់សរសៃកជើងពេលប៉ះ Spurs កាលពីថ្ងៃព្រហស្បតិ៍