ដោយៈ ដេប៉ូ / ព្រះវិហារៈ តំបន់អភិរក្ស ធនធាន ធម្មជាតិ និង សត្វព្រៃ នៅក្នុងដែនជម្រក សត្វព្រៃ ភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកសង្គមថ្មី នៅក្នុងខេត្តព្រះវិហារក្រោមការមើល ខុសត្រូវ របស់លោក បេន ដេវីស ជនជាតិអាមេរិក បានធ្វើឱ្យក្លាយជា តំបន់ទេសចរណ៍ បែបធម្មជាតិ ហើយបើទោះបីភ្ញៀវ មានចំនួន មានកម្រិតក្តី ប៉ុន្តែទីនេះ បានបើកទ្វារ រង់ចាំំភ្ញៀវ ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា បេនដេវីស ព្រមទាំងក្រុមគ្រួសារ ជាជនជាតិអាមេរិកាំងដែលមកថែរក្សា ព្រៃកម្ពុជា ជាង ២០ ឆ្នាំហើយ រហូតបានបង្កើត ជាតំបន់អភិរក្សសត្វ និងព្រៃឈើ នៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ ។ បេន ដេវីស បាននាំប្រពន្ធ និងកូនស្រី គួរជាទី ស្រឡាញ់ ២ រូប មករស់នៅក្នុងព្រៃ ដើម្បីការពារ និងអភិរក្សសត្វ និងព្រៃឈើ នៅកម្ពុជា ។ កូនៗ និងប្រពន្ធរបស់គាត់ បានសុខចិត្ត មករស់នៅក្នុងព្រៃជាមួយ ដោយការបោះបង់ ចោលការងារ និងមិនបានចូល រៀនសូត្រ តាមសាលារៀន។
ប្រាប់បណ្តាញសារព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ច តំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក បេនដេវីស បានឱ្យដឹងថាៈ លោកបានស្ម័គ្រចិត្ត មកចូលរួមការពារព្រៃឈើ និងសត្វព្រៃ នៅតំបន់ដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពកនេះ បន្ទាប់ពីមើលឃើញតំបន់នេះ សំបូរទៅដោយ សត្វច្រើន ប្រភេទរូចមក។
លោកបាននិយាយថាៈ ” សត្វព្រៃ និងព្រៃឈើ មានសារៈសំខាន់ណាស់ សម្រាប់យើង ទាំងអស់គ្នា សម្រាប់ពលរដ្ឋ កម្ពុជា ក៏ដូចជាវិស័យទេសចរណ៍ ហេតុនេះ ខ្ញុំចាំបាច់ត្រូវ តែចូលមក ការពារតំបន់នេះ “។
ដោយជួបប្រទះបញ្ហាឧបសគ្គច្រើន រាប់មិនអស់ និងព្រមជាមួយ ជួបការលំបាក នាកន្លងមក បុរសជនបរទេស ដែលស្ម័គ្រចិត្ត មកការពារព្រៃឈើ និងសត្វព្រៃ នៅកម្ពុជារូបនេះ បានបញ្ជាក់ប្រាប់ដែរថាៈ ” កាលពីមុន ខ្ញុំជួបការលំបាកតែពេលនេះមានរាជរដ្ឋាភិបាល កម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ជួយជ្រោមជ្រែង បន្តបន្ទាប់ហើយបើគិត ពេលនេះ លែងសូវលំបាកទៀតហើយ ” ។
លោក បេន ដេវីស ជនជាតិអាមេរិកកាំង បានបង្ហាញទំនុកចិត្តបន្ទាប់ពីមានវត្តមាន សំណាក់ កងកម្លាំងអាវុធហត្ថ មន្ត្រីអនុរក្ស និងប្រជាការពារ សហគមន៍ បានចូលរួម ដែលធ្វើឱ្យកិច្ចការពារព្រៃឈើ និងសត្វព្រៃមួយកន្លែងនេះ មានភាពល្អប្រសើរ ហើយរយៈពេល ៣ ទៅ ៤ ឆ្នាំ មកនេះ ការកាប់ព្រៃឈើ និងចាប់សត្វព្រៃមានការថយ ចុះច្រើន បើធៀបកាលពីប៉ុន្មានឆ្នាំមុន។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅតំបន់កន្លែងនេះដែរ បុរសការពារសត្វព្រៃ ជនបរទេស ដ៏ល្បីឈ្មោះរូបនេះ បានប្រាប់ថាៈ នៅតំបន់ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពកនេះសំបូរ ទៅដោយ សត្វច្រើនប្រភេទ និងសត្វកម្របំផុត ក្នុងលោក ក្នុងនេះដូចជា សត្វទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វស្វា ក្ងោក មាន់ព្រៃ និងសត្វជាច្រើនទៀត កំពុងមានវត្តមាន ច្រើន នៅទីនេះ។
យ៉ាងណាក្តី លោកត្អូញត្អែរដែរថាៈ ” ពេលនេះ បញ្ហាប្រឈម នៅមាន គឺក្រុមជនខិលខូច បានលបលួចដាក់អន្ទាក់ ដែលទោះបីយើងខំដើរដោះ យ៉ាងណា ក៏មិនអស់ដែរ។ អន្ទាក់ប្រៀបដូចជាមីន គឺមីនសម្រាប់សត្វ ” ។
ជាមួយគ្នានេះ លោកស្រី សារីន ភរិយារបស់លោក បេនដេវីស បានឱ្យដឹងថាៈ នៅកន្លែង នេះ មានបម្រើម្ហូបអាហារ ផ្ទះសំណាក់ បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរ ចូលមក កម្សាន្ត។ កន្លងមក មានភ្ញៀវទេសចរជាច្រើន ពិសេសជនជាតិខ្មែរបានចូលទស្សនា ព្រៃឈើ និងសត្វព្រៃ នៅកន្លែងនេះ។
លោកស្រី សារីន បានបញ្ជាក់ប្រាប់ដែរថាៈ ” បើអ្នកចូលមកកម្សាន្ត នៅទីនេះ ត្រូវប្រាប់ ខ្ញុំមុន តាមរយៈទូរស័ព្ទ ឬហ្វេសប៊ុក ពីព្រោះថា មានកម្រិតទទួលភ្ញៀវ។ ទីនេះ មិនអាច ទទួលបានច្រើនពេកទេ។ ខ្ញុំមានរៀបចំអាហារ បែបបួសទុកជូនពួកគាត់ ” ។
ស្ត្រីរូបនេះ បានរៀបរាប់ដែរថាៈ ក្រៅពីមើលព្រៃឈើ សត្វព្រៃ ទីកន្លែងនេះ ក៏មានបម្រើ ជិះខ្សែរ៉ក ពីលើភ្នំត្នោត ចុះមកក្រោម ដើម្បីទស្សនាទេសភាពព្រៃភ្នំ និងទឹកជ្រោះ យ៉ាងស្រស់ស្អាតទៀតផង។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថាៈ បច្ចុប្បន្ន ក្រោមការចូលរួមអភិរក្ស ពីសំណាក់ រាជរដ្ឋាភិបាល ក្រសួងបរិស្ថានពិសេស ក្រុមសហគមន៍ និងអ្នកអភិរក្ស នៅទីនោះផ្ទាល់ បានធ្វើឱ្យតំបន់មួយនេះបានវិវត្តខ្លួន បន្តិចម្តងៗ ប្រែក្លាយជាតំបន់ដែនជម្រកសត្វ និង តំបន់ទេសចរណ៍ព្រៃភ្នំ។
លោកបានបន្តថាៈ តាមរយៈជំនួយមូលនិធិបរិស្ថាន និងសង្គម របស់ក្រសួងបរិស្ថាន ជួយគាំទ្រដល់ការងាររបស់ លោក បេន ដេវីស ជនជាតិអាមេរិកកាំង មួយឆ្នាំ ២ ម៉ឺនដុល្លារ ដើម្បីជួយទ្រទ្រង់ សកម្មភាពអភិរក្ស ធនធានធម្មជាតិ ដែលស្រឡាញ់សម្បត្តិធម្មជាតិ កម្ពុជា នៅដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នេះ គេឃើញថា ព្រៃឈើ សត្វព្រៃ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅទីកន្លែងនេះ បានរៀបចំកាន់តែប្រសើរឡើង បន្តបន្ទាប់ សម្រាប់បម្រើ លើវិស័យទេសចរណ៍។ ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងបរិស្ថាន បានរៀបចំក្រុមអ្នកអភិរក្ស ជាច្រើនក្រុម ដើម្បីដាក់ពង្រាយ សម្រាប់កិច្ចការពារ តំបន់អភិរក្សមួយនេះ ដែលអាចធ្វើឱ្យក្រុមជនល្មើស ខ្លបខ្លាច និងថមថយចុះ ផងដែរ។
លោករដ្ឋលេខាធិការ បានថ្លែងដែរថាៈ ក្រសួងបរិស្ថាន ពិសេសតាមរយៈលោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានទទួលស្គាល់ កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ដល់លោក បេន ដេវីស ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស ធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានអំពាវនាវឱ្យក្រុមសហគមន៍ , ប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិ ជាអាយុជីវិត របស់យើង ទាំងអស់គ្នា។ លោកបានចាត់ទុកថាៈ ព្រៃឈើ ក៏ដូចជាសត្វព្រៃ មានសារៈសំខាន់ណាស់ សម្រាប់ជីវិត មនុស្សសត្វ។ ជាមួយគ្នាវាក៏ជាប្រភព្វតំបន់ ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់បង្កើនសេដ្ឋកិច្ចប្រទេសជាតិ។
ដោយឡែក លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ ថាៈ ការអប់រំ និងផ្សព្វផ្សាយ ពីសារៈប្រយោជន៍ព្រៃឈើ និងសត្វព្រៃ ដល់ពលរដ្ឋគឺជារឿង មួយ មិនអាចមើលរំលងបានឡើយ។
លោកបាននិយាយថាៈ មន្ត្រីឧទ្យានុរក្ស សហការជាមួយ កងម្លាំងសមត្ថកិច្ចប្រជា សហគមន៍ បានរួមគ្នា ការពារព្រៃឈើ សត្វព្រៃ ធ្វើឱ្យតំបន់នេះ បច្ចុប្បន្ននៅសំបូរ ទៅដោយ សត្វព្រៃ និងព្រៃឈើ ដែលថ្ងៃខាងមុខ នឹងក្លាយជាកន្លែងទេសចរណ៍ យ៉ាងសំខាន់មួយ នៅខេត្តព្រះវិហារ។
គួរបញ្ជាក់ថា កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត ១ គ្រឿង និងម៉ូតូ ២ គ្រឿង សម្រាប់ដើរល្បាត។ ចំណែកក្រសួងបរិស្ថាន ក៏បានផ្តល់ថវិកា ២ ម៉ឺនដុល្លារ ដល់លោក បេន ដេវីស ដែលកំពុងរស់នៅ ជាមួយគ្រួសារ និងបានលះបង់ កំលាំងកាយចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធាន ព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារនេះ ៕/V-PC