ដោយៈ សុខុម/ស្ទឹងត្រែងៈ នារសៀល ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ នេះ គេសង្កេតឃើញមាន អ្នកដាក់លក់សាច់សត្វព្រៃ ជាច្រើនកន្លែង នៅខាងកើត ផ្សារសាមគ្គី ខេត្តស្ទឹងត្រែង។
គេសង្កេតឃើញថា ការលក់សាច់សត្វព្រៃ គឺជាមុខរបរខុសច្បាប់ ត្រូវបានគេដាក់លក់ ជារៀងរាល់ថ្ងៃ ទោះបីមានការបង្ក្រាប ពីសមត្ថកិច្ចជំនាញម្តងម្កាលក្តី។ ក្រោយពីមានសមត្ថកិច្ច ចុះបង្ក្រាប នៅពេលព្រឹក គេឃើញអ្នកលក់បានដាក់លក់ សាច់សត្វព្រៃ នៅពេលល្ងាច ជាដដែល។ នេះបានន័យថា អ្នកលក់ដូរ ដែលមានអត្តសញ្ញាណ ច្បាស់លាស់ គឺមិនខ្លាចញញើត ចំពោះសមត្ថកិច្ចឡើយ។
សូមមេត្តាសមត្ថកិច្ចពាក់ព័ន្ធ ទៅមើលផង ដើម្បីកុំឲ្យអ្នកលក់ កាន់តែបានចិត្ត ហើយគប្បីបង្រ្កាបដាក់ទោស តាមច្បាប់ ឱ្យកាន់តែធ្ងន់ធ្ងរ បើមិនដូច្នេះទេ ហាក់ដូចជា ជួយលើកទឹកចិត្ត ឱ្យព្រានព្រៃ នៅតែបន្តប្រមាញ់សត្វព្រៃ នៅពេលមន្ត្រីអភិរក្ស ព្រៃឈើ និងសត្វព្រៃ និងមន្ត្រីបរិស្ថាន បានកំពុងតែការពារ សត្វព្រៃ យ៉ាងសកម្មនោះ៕/V-PC