Home ព័ត៌មានសំខាន់ៗ ទស្សនកិច្ចសិក...

ទស្សនកិច្ចសិក្សារបស់យុវជននៅមជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ


ដោយ:ឡុង ដានី៖ មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ:យោងតាមសំណើររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត និងមានការឯកភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំលេខ០០១៧ លសតឃ២១ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ស្នើសុំឲ្យយុវជននៅក្នុងខេត្តត្បូងឃ្មុំ បានចុះមកទស្សនកិច្ចសិក្សាក្រោមប្រធានបទ «គុណធម៌ប្រវត្តិសាស្ត្រ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ ចំនួន១៤វគ្គ ក្នុងឆ្នាំសិក្សា២០២១ ដោយក្នុងមួយវគ្គៗមានយុវជនចូលរួមចំនួន៥០នាក់។ សរុបមានយុវជន៧០០នាក់ គិតចាប់ពីខែមករា រហូតដល់ខែឆ្នូ ឆ្នាំ២០២១។

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គឺជាវគ្គទី១ ដែលយុវជនជាសិស្សា នុសិស្សមកពីវិទ្យាល័យក្រូចឆ្មារ វិទ្យាល័យសម្តេច ហ៊ុន សែន ប៉ើស២ និងអនុវិទ្យាល័ យ ប៊ុនរ៉ានី ហ៊ុន សែន ឈូកចំនួន៤៧នាក់ (ស្រី៣២នាក់) រួមជាមួយលោកគ្រូ អ្នកគ្រូចំនួន៣នាក់ (ស្រី២នាក់) និងមន្ត្រីសាលាស្រុកមេមត់ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំចំនួន១១នាក់ (ស្រី២នាក់) ធ្វើទស្សនកិច្ចសិក្សារៀនសូត្រនៅមជ្ឈមណ្ឌលឯកសារកោះថ្ម។

ដើម្បីអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ជាដំបូងយុវជន និងអ្នកចូលរួមទាំងអស់បានពាក់ម៉ាស់ លាងដៃជាមួយអាកុល និងរក្សាគម្លាត ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាការចាប់ផ្តើមកម្មវិធីទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មនេះលោក ញឹក នៅ អភិបាលរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមេមត់ បានឡើងមានមតិផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវចិត្តទុកដាក់រៀនសូត្រ និងស្តាប់ការធ្វើបទបង្ហាញរបស់លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពើប្រល័យពូជសាសន៍នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីស្វែងយល់អំពីពេលវេលា ទីតាំងប្រវត្តិសាស្ត្រ និងការបញ្ចប់សង្រ្គាមនៅកម្ពុជាដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេ ជោ ហ៊ុន សែន។

បន្ទាប់មកលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានមានមតិផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍អំពីការរស់នៅក្នុងរបបខ្មែរក្រហម និងបានលើកទឹកចិត្តយុវជនទាំងអស់ឲ្យស្វែងយល់អំពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុនឆ្ពោះទៅការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅពេលចុងក្រោយលោក ផេង ពង្សរ៉ាស៊ី បានធ្វើបទបង្ហាញលម្អិតអំពីព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រសំខាន់ៗក្នុងប្រទេសកម្ពុជាចាប់ពីជម្លោះរវាងទាហានសហរដ្ឋអាមេរិកដែលសហការជាមួយទាហានធីវ-គី បានប្រយុទ្ធទល់នឹងកងទ័ពវៀតកុងដែលគាំទ្រដោយខ្មែរក្រហមក្នុងទឹកដីស្រុកមេមត់ ចាប់ពីចុងទស វត្សរ៍ឆ្នាំ១៩៦០, ព្រឹតិ្តការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបខ្មែរក្រហម (ពីឆ្នាំ១៩៧៥-១៩៧៩) ដែលបានធ្វើឲ្យប្រជាជនកម្ពុជាប្រមាណ២លាន់នាក់បានស្លាប់បាត់បង់ជីវិតតាមរយៈគោលនយោបាយ៨ចំណុច រួមមាន ១)ការជម្លៀសប្រជាជនដោយបង្ខំ ២)ការលុបបំបាត់លុយ ផ្សារ ទ្រព្យសម្បត្តិឯកជន ប្រពៃណី សាសនា ទំនៀមទម្លាប់ បំផ្លាញសាលារៀន វត្តអារាម និងកន្លែងលក់ដូរផ្សេងៗ ៣)ការបង្កើតសហករណ៍ និងការដ្ឋានការងារ ៤)ការបំបាត់សិទ្ធិសេរីភាពប្រជាជន បំបែកបំបាក់ក្រុមគ្រួសារ និងបង្ខំឲ្យធ្វើការហួសកម្លាំង ៥)ការសម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ ជនជាតិចាម វៀតណាម និង ចិន ៦)ការបង្កើតមន្ទីរឃុំឃាំង ដើម្បីឃុំឃាំងប្រជាជនដែលត្រូវបានចោទថាក្បត់ ៧)ការបង្កសង្រ្គាមជាមួយវៀតណាមនៅតាមព្រំដែន និងព្រឹតិការណ៍ជាប្រវត្តិសាស្ត្រថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតធ្វើជាដើមទុនឆ្ពោះទៅការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៨)ពេលវេលាប្រវត្តិសាស្ត្រនៃថ្ងៃ២ឆ្នូ។

បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី បានចាក់បញ្ចាំងភាពយន្តឯកសារចំនួន២ដល់យុវជនបានទស្សនា គឺខ្សែភាពយន្តឯកសារស្តីពីដំណើររបស់សមមិត្ត ហ៊ុន សែន ទៅប្រទេសវៀតណាម ដើម្បីប្រមែប្រមូលកងកម្លាំងវាយបកមកលើរបបប្រល័យពូជសាសន៍ ប៉ុល ពត វិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងភាពយន្ត មួយទៀត គឺខ្សែភាពយន្តស្តីអំពីមរតក និងការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨។ នៅពេលបញ្ចប់លោក រ៉ាស៊ី ក៏បានធ្វើពន្យល់ណែនាំដល់យុវជនទាំងអស់អំពីសារសំខាន់នៃការទប់ស្កាត់អំពើប្រល័យពួជសាសន៍ និងផលប៉ះពាល់នៃអំពើប្រល័យពូសាសន៍ជាលក្ខណៈបុគ្គលម្នាក់ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

សេន ម៉ារីយះ ភេទស្រីរៀនថ្នាក់ទី ១២ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៉ើស២បានរៀបរាបថា នៅក្នុងសាលានាងខ្ញុំបានរៀនប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមមួយចំនួន ហើយក៏ធ្លាប់បានស្តាប់ឪពុកម្តាយ ជីដូន ជីតា និយាយប្រាប់អំពីការរស់នៅលំបាកវេទនាក្នុងរបបខ្មែរក្រហមដែរ ប៉ុន្តែបន្ទាប់ពីបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មរួចហើយ នាងខ្ញុំបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមកាន់ច្បាស់ជាងមុន ដោយសារការបង្រៀនមានបញ្ចាំងខ្សែភាពយន្តឯកសារ និងមានរូបថតអំពីរបបខ្មែរក្រហមជាច្រើននៅក្នុងបន្ទប់មជ្ឈមណ្ឌលនេះ។ នៅពេលនាងខ្ញុំត្រឡប់ទៅផ្ទះវិញ នាងខ្ញុំនឹងចែករំលែកចំណេះដឹងអំពីរឿងរ៉ាវប្រវត្តិសាស្ត្រខ្មែរក្រហមនេះដល់មិត្តភក្កិ និងក្រុមគ្រួសារ។

ចាន់ ម៉េងជឺ ភេទប្រុសរៀនថ្នាក់ទី១២ នៅវិទ្យាល័យក្រូចឆ្មារ បានមានប្រសាសន៍ថា ខ្ញុំមិនធ្លាប់បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមពីមុនមកទេ នេះជាលើកទី១ហើយ ខ្ញុំធ្លាប់បានរៀនប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងសាលា ហើយមានការជឿជាក់ថា ពិតជាមានរបបឃោរឃៅ វេទនាអីចឹងមែន ពីព្រោះឪពុកម្តាយខ្ញុំធ្លាប់និយាយប្រាប់ពីបទពិសោធន៍រស់នៅពិបាកវេទនាក្នុងរបបខ្មែរក្រហមហ្នឹងដែរ។ ការដែលបានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្មថ្ងៃនេះ គឺពិតជាមានប្រយោជន៍សជាពិសេសយុវជនជំនាន់ក្រោយ ដូចរូបខ្ញុំ។ ការយល់ដឹងពីប្រវត្តិសាស្ត្រដ៏លំបាកវេទនានេះ គឺជាការទប់ស្កាត់កុំឲ្យរបបនោះកើតឡើងវិញម្តងទៀត។

មជ្ឈមណ្ឌលឯកសារកោះថ្មខេត្តត្បូងឃ្មុំ គឺជាការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមមួយក្នុងចំណោមការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមទាំង៩របស់     មជ្ឈមឯកសារកម្ពុជា៖ ១)ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅខេត្តព្រៃវែង ២) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅខេត្តតាកែវ ៣) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅខេត្តត្បូងឃ្មុំ ៤) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅខេត្តកំពង់ចាម ៥) មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅខេត្តឧត្តរមានជ័យ ៦) បណ្ណាល័យសម្តេចម៉ែនៅទីក្រុងភ្នំពេញ ៧) ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហមនៅខេត្តបាត់ដំបង ៨)បណ្ណាល័យសម្តេចឪ សម្តេចម៉ែ នៅស្រុកគិរីវង់ និង ៩)ការិយាល័យព័ត៌មានសាធារណៈនៅទីក្រុងភ្នំពេញ ។

មជ្ឈមណ្ឌលឯកសារកោះថ្ម ក៏ជាកន្លែងតាំងពិពណ៌បង្ហាញអំពីបណ្តុំរូបថតដែលបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងអស់នោះបានបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដោយចាប់ផ្តើមចេញពីតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួលខេត្តក្រចេះ។ រូបថតនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលបានធ្វើឲ្យដែលបានធ្វើឲ្យប្រជាជនកម្ពុជាប្រមាណ២លាន់នាក់បានស្លាប់។ រូបថតភស្តុតាងមួយចំនួនអំពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា។ រូបគំនូរបង្ហាញអំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងចុងក្រោយគឺរូបថតស្តីអំពីការផ្តួចផ្តើមបង្កើតគោលនយោបាយឈ្នះ ឈ្នះរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទទួលបានសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨។ កោះថ្ម គឺជាទីតាំងប្រវត្តិសាស្ត្រនៃដំណើរផ្សងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ផ្សេងទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់ និង វ៉ា បោអៀន ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅយប់ថ្ងៃទៅ២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ដោយបានធ្វើដំណើរចាក់ចេញពីទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងយប់ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

មជ្ឈមណ្ឌលឯកសារកោះថ្មត្រូវបានបង្កើតឡើង និងដាក់ដំណើរប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្រោមការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងគោលបំណងដូចខាងក្រោម៖

១) ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។
២)ដើម្បីពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ។ កម្មវិធីអប់រំនេះវនឹងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទបានចូលរូមរៀនសូត្រ។
៣)លើកទឹកចិត្តដល់អ្នករស់រាណមានជីវិតពីរបបខ្មែរក្រហមក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្តល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ។
៤)ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបានបន្សល់ពីរបបខ្មែរក្រហម៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular