ប្រែសម្រួលៈវាសនា/ហាណូយ៖ប្រធានបក្សកុំម្មុយនីស្តវៀតណាម លោកង្វៀន ភូជុង កាលពីថ្ងៃអាទិត្យត្រូវបានជ្រើសតាំងជាថ្មីអោយកាន់មុខតំណែងដដែល ដែលធ្វើអោយលោកក្លាយជាមេដឹកនាំមានឥទ្ធិពលបំផុតនៅប៉ុន្មានទសវត្សរ៍មកនេះ។
ង្វៀន ភូជុង ជនអភិរក្សវ័យ៧៦ឆ្នាំ ត្រូវបានសមាជិកសមាជបក្សអនុម័តយល់ព្រមក្រោយគណបក្សជួបប្រជុំបិទទ្វារអស់មួយសប្តាហ៍។វាជាអាណត្តិទី៣របស់លោកនៅក្នុងមុខតំណែងនេះ និងជាការកាន់តំណែងមួយនេះយូរជាងនរណាទាំងអស់នៅក្នុងយុគទំនើបរបស់វៀតណាម។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា«កាលពីព្រឹកថ្ងៃអាទិត្យ សមមិត្តង្វៀន ភូជុង ត្រូវបានជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការកណ្តាលបក្សកុំម្មុយនីស្ត។
ជុង ល្បីល្បាញចំពោះយុទ្ធនាការប្រឆាំងអំពើពុករលួយថ្នាក់ខ្ពស់ដែលកើតមាននៅទូទាំងបក្ស ប៉ូលិសនិងកងកម្លាំងប្រដាប់អាវុធ។ខាល ថៃល័រ សាស្ត្រាចារ្យនៅសកលវិទ្យាល័យ New South Wales និងជាអ្នកជំនាញការខាងវៀតណាម បាននិយាយថា «យើងរំពឹងថាលោកជុង នឹងបន្តជំរុញយុទ្ធនាការរបស់លោកដែលបានទម្លាក់មន្ត្រីជាន់ខ្ពស់បក្សមួយចំនួន រួមទាំងសមាជិកការិយាល័យនយោបាយ»។
ង្វៀន ត្រាន់ ជុង សមាជិកបក្សកុំម្មុយនីស្តវៀតណាម បាននិយាយថា «យើងសរសើរលោកចំពោះការប្តេជ្ញាចិត្តនិងការខិតខំរបស់លោកដើម្បីបោសម្អាតនិងធ្វើអោយបក្សបរិសុទ្ធ។ទោះជាលោកមិនមានសុខភាពល្អ វត្តមានរបស់លោកនៅក្នុងតំណែងដឹកនាំនេះ នៅតែអាចបន្លាចមន្ត្រីអាក្រក់។លោកបានដើរតួនាទីសំខាន់មួយនៅក្នុងការរក្សាការពារគណបក្ស»៕
ប្រធានាធិបតី និងប្រធានបក្សកុំម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង ថ្លែងក្នុងសមាជបក្សទី១៣