ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កំពុងប្រែក្លាយខ្លួនជាតំបន់ទេសចរណ៍បែបធម្មជាតិជាទីទាក់ទាញ

ដោយ:ដេប៉ូ /ព្រះវិហារ:  តំបន់ អភិរក្ស ធនធាន ធម្មជាតិ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកសង្គមថ្មី នៅក្នុង ខេត្ត ព្រះវិហារក្រោមការមើលខុសត្រូវរបស់លោក បេន ដេវីសជនជាតិអាមេរិកបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយបើទោះបីភ្ញៀវមានចំនួនមានកម្រិតក្តី ប៉ុន្តែទីនេះបានបើកទ្វាររង់ចំាំភ្ញៀវរៀងរាល់ថ្ងៃផងដែរ។

គួរបញ្ជាក់ថា បេនដេវីស ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកាំងដែលមកថែរក្សាព្រៃកម្ពុជា ជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ ។ បេន ដេវីសបាននាំប្រពន្ធនិងកូនស្រីគួរជាទីស្រឡាញ់ ២ រូបមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ។កូនៗនិងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារនិងមិនបានចូលរៀនសូត្រតាមសាលារៀន។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បេនដេវីសបានឱ្យដឹងថាលោកបានស្ម័គ្រចិត្តមកចូលរួមការពារព្រៃឈើនិងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះបន្ទាប់ពីមើលឃើញតំបន់នេះសំបូរទៅដោយសត្វច្រើនប្រភេទរូចមក។

លោកថា”សត្វព្រៃនិងព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាវិស័យទេសចរ ហេតុនេះខ្ញុំចាំបាច់ត្រូវតែចូលមកការពារតំបន់នេះ”។ ដោយជួបប្រទះបញ្ហាឧបសគ្គច្រើនរាប់មិនអស់និងព្រមជាមួយជួបការលំបាកនាកន្លងមក បុរសជនបរទេសដែលស្ម័គ្រចិត្តមកការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ដែរថា”កាលពីមុនខ្ញុំជួបការលំបាកតែពេលនេះមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាននិងអាជ្ញាធរមូលដ្ឋានជួយជ្រោមជ្រែងបន្តបន្ទាប់ ហើយបើគិតពេលនេះលែងសូវលំបាកទៀតហើយ”។

លោក បេន ដេវីសជនជាតិអាមេរិកកាំងបានបង្ហាញទំនុកចិត្តបន្ទាប់ ពីមានវត្តមានសំណាក់ កងកម្លាំង អាវុធហត្ថ មន្រ្តីអនុរក្សនិងប្រជាការពារសហគមបានចូលរួមដែលធ្វើឱ្យកិច្ចការពារព្រៃ ឈើនិងសត្វព្រៃមួយកន្លែងនេះមានភាពលល្អប្រសើរ ហើយរយៈពេល៣ទៅ៤ឆ្នាំមកនេះការកាប់ប្រៃឈើនិងចាប់សត្វព្រៃមានការ ថយចុះច្រើនបើធៀបកាលពីប៉ុន្មានឆ្នាំមុន។

ពាក់ព័ន្ធនឹងវិស័យទេសចរនៅតំបន់កន្លែងនេះដែរ បុរសការពារសត្វព្រៃជនបរទេសដ៏ល្បីឈ្មោះរូបនេះបានប្រាប់ថានៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះសំបូរទៅដោយសត្វច្រើនប្រភេទនិងសត្វកម្របំផុតក្នុងលោកក្នុងនេះដូចជា សត្វទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វស្វា ក្ងោក មាន់ព្រៃនិងសត្វជាច្រើនទៀតកំពុងមានវត្តមានច្រើននៅទីនេះ។

យ៉ាងណាក្តីលោកត្អូញត្អែរដែរថា”ពេលនេះបញ្ហាប្រឈមនៅមានគឺក្រុមជនខិលខិចបានលបលួចដាក់អន្ទាក់ដែលទោះបីយើងខំដើរដោះយ៉ាងណាក៏មិនអស់ដែរ។អន្ទាក់ប្រៀបដូចជាមីនគឺមីនសម្រាប់សត្វ”។

ជាមួយគ្នានេះលោកស្រីសារីន ភរិយារបស់លោក បេនដេវីសបានឱ្យដឹងថានៅកន្លែងនេះមានបម្រើម្ហូបអាហារ ផ្ទះសំណាក់បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ត។កន្លងមកមានភ្ញៀវទេសចរជាច្រើនពិសេសជនជាតិខ្មែរបានចូលទស្សនាព្រៃឈើនិងសត្វព្រៃនៅកន្លែងនេះ។

លោកស្រីសារីនបានបញ្ជាក់ប្រាប់ដែរថា”បើអ្នកចូលមកកម្សាន្តនៅទីនេះត្រូវប្រាប់ខ្ញុំមុនតាមរយៈទូរស័ព្ទឬហ្វេសប៊ុកពីព្រោះថាមានកម្រិតទទួលភ្ញៀវ។ទីនេះមិនអាចទទួលបានច្រើនពេកទេ។ខ្ញុំមានរៀបចំអាហារបែបបួសទុកជូនពួកគាត់”។

ស្រ្តីរូបនេះរៀបរាប់ដែរថាក្រៅពីមើលព្រៃឈើ សត្វព្រៃទីកន្លែងនេះក៏មានបម្រើជិះខ្សែរ៉កពីលើភ្នំត្នោតចុះមកក្រោមដើម្បីទស្សនាទេសភាពព្រៃភ្នំនិងទឹកជ្រោះយ៉ាងស្រស់ស្អាតទៀតផង។

លោកនេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា បច្ចុប្បន្នក្រោមការចូលរួមអភិរក្សពីសំណាក់ រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ពិសេសក្រុមសហគមន៍និងអ្នកអភិរក្សនៅទីនោះផ្ទាល់បានធ្វើឱ្យតំបន់វិវឌ្ឍន៍មួយនេះបាន វិវត្តខ្លួនបន្តិចម្តងៗប្រែក្លាយជាតំបន់ដែនជម្រកសត្វ និង តំបន់ទេសចរណ៍ព្រៃភ្នំ។

លោកថា តាមរយៈជំនួយ មូលនិធិ បរិស្ថាន និងសង្គម របស់ក្រសួងបរិស្ថាន ជួយគាំទ្រដល់ ការងាររបស់ លោក បេន ដេវីស ជនជាតិ អាមេរិកកាំង មួយឆ្នាំ ២ម៉ឺនដុល្លារ ដើម្បីជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិ ដែលស្រឡាញ់សម្បត្តិ ធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នេះគេឃើញថាព្រៃឈើ សត្វព្រៃនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទីកន្លែងនេះបានរៀបចំកាន់តែប្រសើរឡើងបន្តបន្ទាប់សម្រាប់បម្រើលើវិស័យទេសចរណ៍។

ក្រៅពីនេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានបានរៀបចំក្រុមអ្នកអភិរក្សជាច្រើនក្រុមដើម្បីដាក់ពង្រាយសម្រាប់កិច្ចការពារតំបន់អភិរក្សតំបន់មួយនេះដែលអាចធ្វើឱ្យក្រុមជនល្មើសខ្លបខ្លាច និងថមថយចុះផងដែរ។

លោករដ្ឋលេខាធិការបានថ្លែងដែរថាក្រសួងបរិស្ថានពិសេសតាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបាន ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ លោក បេន ដេវីស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។

ជាមួយគ្នានេះលោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យ ក្រុមសហគមន៍ , ប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា និងមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រោះធនធានធម្មជាតិ ជាអាយុជីវិតរបស់យើងទាំងអស់គ្នា។

លោកចាត់ទុកថា ព្រៃឈើ ក៏ដូចជាសត្វព្រៃមានសារៈសំខាន់ណាស់សម្រាប់ជីវិត មនុស្ស សត្វ។ជាមួយគ្នាវាក៏ជាប្រភព្វតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់បង្កើនសេដ្ឋកិច្ចប្រទេសជាតិ។

ដោយឡែក លោកឈុនឆេង អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារបានបញ្ជាក់ប្រាប់ថា ការអប់រំនិងផ្សព្វផ្សាយពីសារៈប្រយោជន៍ព្រៃឈើ និងសត្វព្រៃ ដល់ពលរដ្ឋ គឺជារឿងមួយមិនអាចមើលរំលងបានឡើយ។

លោកថាមន្រ្តីឧទ្យានុរក្សនិងសហការជាមួយកងម្លាំងសមត្ថកិច្ច ប្រជាសហគមន៍បានរួមគ្នាការពារព្រៃឈើ សត្វព្រៃ ធ្វើឱ្យតំបន់នេះបច្ចុប្បន្ននៅសំបូរទៅដោយសត្វព្រៃនិងព្រៃឈើដែលថ្ងៃខាងមុខនឹងក្លាយជាកន្លែងទេសចរណ៍យ៉ាងសំខាន់មួយផងដែរនៅខេត្តព្រះវិហារ។

គួរបញ្ជាក់ថាកាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត១គ្រឿង និងម៉ូតូ ២គ្រឿងសម្រាប់ដើរល្បាត។

ចំណែកក្រសួងបរិស្ថានក៏បានផ្តល់ថវិកា២ម៉ឺនដុល្លារ ដល់ លោក បេន ដេវីសដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារនេះផងដែរ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular