ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយឃើញថាលទ្ធផលតែងហុចមកវិញគ្រាន់ជាទីពេញចិត្តនិងពិសេសធ្វើតិចអាចទទួលបានជាផលច្រើនផងដែរ។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយផលកម្រៃទៀតសោតក៏អាចរកបានគ្រាន់បើជាងមុនផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬចូលសាសងជាមួយមនុស្សជាទីស្រឡាញ់ណាម្នាក់ក៏ជាពេលវេលាល្អប្រពៃ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នាថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តបញ្ហាទាក់ទងប្រាក់កាសឬធ្វើកិច្ចសន្យាអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលបង្កបញ្ហាកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការមានជម្លោះវិវាទថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងពេលនេះដំណើរជីវិតរបស់លោកអ្នកងើបឡើងបន្តិចវិញ ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ និងមានជោគជ័យហុចមកវិញគ្រាន់កក់ក្តៅ។ការរស់នៅមានភាពសុខដុម និងស្រុះស្រួលគ្នាក្នុងរង្វង់គ្រួសារល្អប្រពៃ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាក ហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ធូរទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយពុំគប្បីសេពគប់គ្រឿងស្រវឹងឡើយប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានការស្រុតចុះបន្តិច ហេតុនេះត្រូវ ប្រយ័ត្នប្រយែងមិនត្រូវប្រមាថឡើយពីព្រោះថាងាយជួបនូវបញ្ហាតូចធំណាស់ដែរ។លោកអ្នកយកល្អរក្សាភាពនឹងធឹងឬនៅស្ងៀមក៏ប្រសើរផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងងាយមានបញ្ហាមិនល្អរត់ចូលផងគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចមានក្រុមមនុស្សជួយណែនាំឬមានមនុស្សជួយជ្រោមជ្រែងអ្វីមួយនាំឱ្យរឿងរាវខ្លះត្រូវបានដោះស្រាយគ្រាន់ស្រួលខ្លួន។ ទោះបីយ៉ាងណាសម្រាប់ស្ត្រីងាយជួបបញ្ហាប្រទាំងប្រទើសនិងរាំងស្ទះផងគប្បីមានការប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬចង់បណ្តាក់ទុនអ្វីមួយក៏ជាពេលវេលាល្អណាស់ដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនេះមានជោគមានជ័យ ដូចនេះលោកអ្នកបើមានកិច្ចការអ្វីអាចសម្រុកបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយ សូន្យឈឹងរកតែដើមមកវិញមិនបាន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតៗតែងាយថយក្រោយណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងងាយងាករេ ហើយពិសេសងាយជួបបញ្ហាជាមួយអ្នកដទៃថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរការជួញទីជិតឆ្ងាយប្រៀបដូចអ៊ុំទូកបញ្ជ្រាសទឹកពីព្រោះងាយថយក្រោយណាស់តែការគាស់កាយទៅមុខវិញពិតជាជួបការលំបាកខ្លាំង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីឈ្លក់វង្វេងការដើរ ហើរហើយត្រូវឃ្លាតពីគ្នាខ្លះទើបល្អប្រពៃបំផុត៕
ឆ្នាំមមែ
រាសីស្រុតចុះ។នាពេលនេះបានឆ្លងផុតខែមករា ហើយឈានដល់ខែកុម្ភវិញ ហេតុនេះបើមានកិច្ចការងារអ្វីត្រូវខ្នះខ្នង មិនត្រូវធ្វើព្រងើយកន្តើយនោះឡើយបើពុំនោះរឿងរាងខ្លះបន្តិចបន្តួចសោះអាចប្រែរីកជាធំនាំពិបាកដោះស្រាយនាពេលក្រោយ។ដោយឡែកការប្រកបការងារនាថ្ងៃនេះឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខតែបញ្ហាក៏ងាយកើតប៉ះទង្គិចណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការលូតយឺតតែយ៉ាងណាការជួញឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតមានបញ្ហាជម្លោះតែយ៉ាងណាក៏ងាយត្រូវគ្នាវិញផងដែរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយ ពិសេសត្រូវប្រញាប់ធ្វើក្នុងសប្តាហ៍នេះពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយជួបបញ្ហាលំបាកច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាស បើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខការលក់មិនចេញទៀតហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ បើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ ហើយទោះធ្វើអ្វីក៏តែងផ្តល់ផលល្អនិងមានជោគជ័យផង។ប៉ុន្តែទោះបីយ៉ាងណាសម្រាប់ស្ត្រីការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នពីព្រោះងាយកើតបញ្ហាយាយីផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯសេចក្តីសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគូរសមឡើងវិញ៕
ឆ្នាំច
រាសីល្អជាមធ្យម។។នៅថ្ងៃនេះលោកអ្នកងាយជួបរឿងរាវល្អក់កករផ្លូវចិត្ត ហើយធ្វើអ្វីក៏តែងមានរឿងរាវប្រទាំងប្រទើសច្រើនផង។ទោះបីយ៉ាងណាការប្រកបការងារមានភាពជឿនលឿនទៅមុខសន្សឹមៗដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយថ្ងៃនេះពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះគ្នាច្រើន៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយកើតជាទំនាស់ពាក្យសម្តីនិងពិសេសមិនសម្រេចជោគជ័យនោះឃើញថាក៏មានច្រើនដែរ។ក្រៅពីនេះក៏ងាយទទួលរងសាច់ញាតិស្តីបន្ទោសឬបង្កបញ្ហាឱ្យល្អក់កករផ្លូវចិត្ដច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវមានការលូតលាស់ទៅមុខឡើយគឺមានការហូរចូលតក់ៗគ្រាន់បានផ្សើមបំពង់ប៉ុណ្ណោះឯង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបបញ្ហាងាយផ្ទុះជម្លោះវិវាទណាស់គប្បីប្រកាន់ចិត្តត្រជាក់បន្តិចទើបគ្មានរឿងរាវចម្រូងចម្រាសទៅរួច៕