Home ព័ត៌មានសំខាន់ៗ ព្រឹកនេះសម្តេ...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការម

ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអញ្ជើញបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែងនិងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចំការមន។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋា ករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេដងចាប់ពីឆ្នាំ២០១២ ដល់ ២០១៧ ក្នុងក្របខណ្ឌផែនការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតស្របតាមតម្រូវការប្រើប្រាស់របស់ប្រជា ពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវា របស់ខ្លួនឱ្យបាន១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញបានរៀបចំនូវផែនការមេដំណាក់កាលទី៣ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។

លោកបន្តថា នៅក្នុងផែនការមេដំណាក់កាលទី៣ នេះ បានកំណត់នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន។

លោក ស៊ឹម ស៊ីថា បានឱ្យដឹងថា គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការ មនមានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។

នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រក្នុងនោះប្រជា ពលរដ្ឋប្រមាណជា ២៨០,០០០ នាក់ បានទទួលទឹកស្អាតប្រើ ប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាបរស់នៅតាមសហគមន៍ស្ថិត នៅតំបន់ជាយរាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងគឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។

បើតាមលោក ស៊ឹម ស៊ីថា ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០.០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។

ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការបញ្ចុះប្រតិបត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាពគំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នាទៅនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោមតាមស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម ១០% (កម្រិតនៃអត្រាទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយចំនួនគឺទាបជាងគេ)៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular