Home ព័ត៌មានអន្តរជាតិ ចាប់​ខ្លួន​ជា...

ចាប់​ខ្លួន​ជាង ៥.១០០ នាក់​ក្នុង​បាតុកម្ម​គាំទ្រ​មេដឹកនាំ​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ជាមួយនឹង​សម្រែក​ពាក្យស្លោក​ប្រឆាំងនឹង​ប្រធានាធិបតី​វ៉ា​ឌី​មៀរ ពូ​ទីន ហ្វូង​មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ធ្វើដំណើរ​តាម​ដងផ្លូវ​នានា​កាលពី​ថ្ងៃអាទិត្យ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​ជាប់គុក​លោក អា​ឡិច​សី ណា​វ៉ាល់​នី ដែល​បង្ក​ការក្តៅក្រហាយ​ដល់​វិមាន​ក្រឹម​ឡាំង​។ យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល​បាន​ឱ្យដឹងថា មនុស្ស​ជាង ៥.១០០ នាក់​ត្រូវបាន​ប៉ូលិស​ឃុំខ្លួន ហើយ​បាតុករ​ខ្លះ​ត្រូវបាន​វាយដំ​។​

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ​បាន​កើត​ឡើង​ទោះបី​មាន​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​រុស្ស៊ី​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម​នេះ​ក៏​ដោយ​បន្ទាប់ពី​មនុស្ស​រាប់​សិប​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំង​​ប្រទេស​កាលពី​ចុង​សប្តាហ៍​មុន នៅក្នុង​ការបង្ហាញ​ការមិនសប្បាយចិត្ត​ដ៏​ធំ​បំផុត​ដែល​រុស្ស៊ី​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ទោះបីជា​មាន​ការគំរាមកំហែង​ចាប់​ដាក់គុក​ការព្រមាន​ក្រុម​ធំៗ​ក្នុង​​បណ្តាញ​សង្គម​និង​ការឡោមព័ទ្ធ​ពី​សំណាក់​ប៉ូលិស​យ៉ាង​តឹងរ៉ឹង​ក៏ដោយ ក៏​ការតវ៉ា​នៅតែ​ផ្ទុះឡើង​ពេញ​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​តំបន់​ចំនួន ១១ របស់​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​។​

​ភ្លាមៗ​ក្រុម​មនុស្ស​របស់​លោក​ណា​វ៉ាល់​នី​បាន​អំពាវនាវ​ឱ្យ​ធ្វើ​ការតវ៉ា​មួយ​ទៀត​នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​អង្គារ​ទី​២​កុម្ភៈ​នៅ​ពេល​ដែល​លោក​គ្រោង​នឹង​ប្រឈមមុខ​នឹង​សវនាការ​របស់​តុលាការ​ដែល​អាច​​បញ្ជូន​មេ​ប្រឆាំង​រូបនេះ​ចូល​ពន្ធនាគារ​រាប់​ឆ្នាំ​។​

​លោក​ណា​វ៉ាល់​នី អាយុ ៤៤ ឆ្នាំ​ជា​អ្នក​ស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​ដែល​ជា​អ្នក​រិះគន់​ដ៏​ល្បីល្បាញ​បំផុត​ប្រឆាំង​លោក​ពូ​ទីន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៧ ខែ​មករា​នៅ​ពេល​ត្រឡប់មក​ពី​អាល្លឺម៉ង់​​វិញ កន្លែង​ដែល​គាត់​បាន​ចំណាយពេល ៥ ខែ​ដើម្បី​ព្យាបាល​ការបំពុល​ដោយសារ​ធាតុគីមី ដែល​គាត់​ស្តីបន្ទោស​លើ​វិមាន​ក្រឹម​ឡាំង​។ អាជ្ញាធរ​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។ ​គាត់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​លក្ខខណ្ឌ​ដោះលែង​របស់គាត់ ដោយ​មិន​រាយការណ៍​សម្រាប់​ការប្រជុំ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ នៅពេល​ដែល​គាត់​កំពុង​ធ្វើ​ងើបពីឈឺ​នៅ​អាល្លឺម៉ង់​។​

​សហរដ្ឋ​អាម៉េរិក​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ដោះលែង​លោក​ណា​វ៉ា​លី​នី​និង​រិះគន់​ការបង្ក្រាប​លើ​ការតវ៉ា​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្ល៊ី​ន​ខិ​ន បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter​ថា​សហរដ្ឋ​អាម៉េរិក​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​វិធីសាស្ត្រ​ឃោរឃៅ​ឥតឈប់ឈរ​ប្រឆាំងនឹង​​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​និង​អ្នកកាសែត​ពី​សំណាក់​អាជ្ញាធរ​រុស្ស៊ី​រយៈពេល ២ សប្តាហ៍​ជាប់​គ្នា​។​

​ក្រសួងការបរទេស​រុស្ស៊ី​ទាត់​ចោល​ការអំពាវនាវ​របស់​លោក​ប្ល៊ី​ន​ខិ​ន​ថា​ជា “​ការជ្រៀតជ្រែក​ឆៅៗ​មក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​រុស្ស៊ី​” និង​ចោទ​វ៉ាស៊ីនតោន​ថា​ព្យាយាម​បង្ក​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​នេះ​ដោយ​​ការគាំទ្រ​ដល់​ការតវ៉ា​៕

​មនុស្ស​ជាង ៥.១០០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូ​ទាំង​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular