ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ថម ម័ររ៉េ អាយុ១០០ឆ្នាំ ជាទាហានជើងចាស់ក្នុងសង្គ្រាមលោកលើកទី២ដែលបានទាក់ទាញចំណាប់អារម្មណ៍សាធារណជនអង់គ្លេសនៅថ្ងៃដំបូងនៃជំងឺរាតត្បាតកូវីដ១៩ជាមួយនឹងការខិតខំរៃអង្គាសប្រាក់របស់គាត់នោះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមួយជំងឺកូវីដ១៩ នេះយោងតាមកូនស្រីរបស់លោកនិយាយកាលពីថ្ងៃអាទិត្យទី៣១មករា។
លោកស្រី ហានណា អ៊ីនហ្គ្រាម ម័ររ៉េ បានលាតត្រដាងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្តាញសង្គមTwitter ថា ឪពុករបស់លោកស្រីដែលគេស្គាល់ជាទូទៅថា ឣនុសេនីយ៍ឯកថម ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបេតហ្វត ដោយសារគាត់ត្រូវការ “ជំនួយដង្ហើមបន្ថែម”។
លោកស្រីនិយាយថា ក្នុងប៉ុន្មានសប្តាហ៍មកនេះ ឪពុករបស់លោកស្រីបានទទួលការព្យាបាលជំងឺរលាកសួតហើយថាគាត់បានធ្វើតេស្តិ៍វិជ្ជមានកូវីដកាលពីសប្តាហ៍មុន។
លោកស្រីនិយាយថា ឪពុកគាត់ត្រូវបានព្យាបាលនៅក្នុងបន្ទប់ធម្មតា មិនមែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទេ។
លោកស្រីនិយាយថា “ការថែទាំសុខភាពដែលគាត់បានទទួលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺគួរឱ្យស្ញប់ស្ញែងណាស់ហើយយើងដឹងថាបុគ្គលិកដ៏អស្ចារ្យនៅមន្ទីរពេទ្យបេតហ្វតនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីឱ្យគាត់មានផាសុកភាពនិងសង្ឃឹមថាគាត់នឹងត្រឡប់មកផ្ទះវិញឆាប់ៗ”។
លោកតាម័ររ៉េបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមនៅសប្តាហ៍ដំបូងៗនៃជំងឺរាតត្បាតកាលពីខែមេសា នៅពេលគាត់ដើរ ១០០ជុំនៅជុំវិញសួនរបស់គាត់នៅប្រទេសអង់គ្លេសដើម្បីរៃអង្គាសប្រាក់ជួយដល់ទីភ្នាក់ងារសុខភាពជាតិស្របពេលចំថ្ងៃខួបកំណើត ១០០ ឆ្នាំរបស់គាត់។ ជំនួសឱ្យប្រាក់ ១.០០០ ផោន (១.៣៧០ ដុល្លារ) ដែលគាត់ចង់រៃ គាត់បានអង្គាសប្រាក់បានប្រហែល ៣៣ លានផោន (ស្មើនឹង ៤៥ លានដុល្លារ)៕
លោក ថម ម័ររ៉េ កំពុងសម្រាកព្យាបាលកូវីដនៅមន្ទីរពេទ្យបេតហ្វត