ដោយ:ដេប៉ូ/ព្រះវិហារ: ការបង្កើតជាបញ្ហាទំនាស់កើតឡើងនិងការបង្កបញ្ហាស្មុគស្មាញ មួយចំនូននាកន្លងមកទាក់ទិននឹងបញ្ហាដីធ្លីដោយសារផ្តើមចេញពីពលរដ្ឋមួយចំនួនមានការទិញដូរ លក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ ដែលនេះគឺជាទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថាន បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីនេះ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើសជាដាច់ខាត។នេះគឺជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងនាឱកាសដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ច នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ខែមករាលោក នេត្រ ភក្ត្រាបានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃ ជា៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់ បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។ ចំពោះការបែងចែកនេះគឺដើម្បីយើងអភិរក្សឱ្យបានល្អនិងពិសេសការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាស់ឬក៏ការចូលក្នុងតំបន់នេះបែបអនាធិបតេយ្យដែលយើងត្រូវការពារ។
លោក រដ្ឋលេខាធិការបានលើកមកបញ្ជាក់ដែរថានៅតំបន់មួយចំនួនបញ្ហាដែលចោទឡើង គឺការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ។ ករណីការកាប់ទន្ទ្រានកាន់កាប់ដីព្រៃនេះគឺពួកគាត់ត្រូវដុតកម្ទេចព្រៃ ចោលបំផ្លិចបំផ្លាញព្រៃចោល ដែលនេះជាចំណុចដែលយើងត្រូវការទប់ស្កាត់។អញ្ចឹងហើយនៅក្នុងកិច្ចការនេះ ជាគោលការណ៍ គឺក្រសួងបរិស្ថាន មិនទទួលស្គាល់នូវការទិញដូរ លក់ដីណានៅក្នុងតំបន់ការពារធម្មជាតិទេ ហើយការទិញដូរ លក់ដី នៅក្នុងតំបន់ការពារធម្មជាតិ គឺជារឿងខុសច្បាប់ ហើយក្រសួងបរិស្ថាន បានចាត់ទុកករណីនេះ ជាករណីអាទិភាពត្រូវការអនុវត្តច្បាប់។
ទាក់ទិនទៅនឹងដីតាមតំបន់អភិរក្សធនធានធម្មជាតិនេះដែរលោករដ្ឋលេខាធិការបានលើកយកមកបញ្ជាក់បន្ថែមថា”នាពេលនេះក្រសួងបរិស្ថានបានកំណត់តំបន់ដែនជម្រកសត្វព្រៃ ហើយនិងដោះស្រាយបញ្ហាមួយចំនួនដែលកសិករនៅតំបន់នេះមានស្រែចំការ ហើយត្រូវបំផ្លិចបំផ្លាញដោយសារសត្វ។មានន័យថាពេលនេះយើងថែរក្សាបានល្អទៅធ្វើឱ្យចំនួនសត្វព្រៃកើនឡើងដូចជាជ្រូកព្រៃជាដើម ហេតុនេះវាបានចូលទៅបំផ្លាញដំណាំកសិករ។អញ្ចឹងបានជាក្រសួងចង់ឱ្យមានការស្នើសុំផ្លាស់ប្តូរ ឬផ្ទេរពីតំបន់ការពារនេះទៅខាងក្រៅវិញ។អ្វីដែលក្រសួងបរិស្ថានបានគិតគូរនោះគឺបងប្អូនដែលធ្លាប់រស់នៅឬមានដីស្រែចំការនៅតាមតំបន់ស្នូលទាំងនេះគឺឱ្យមានការផ្លាស់ប្តូរចេញពីតំបន់ទាំងនេះទៅរស់នៅខាងក្រៅដោយផ្តល់នូវដីផ្សេងៗជូនពួកគាត់ជំនួសវិញ”។
យ៉ាងណាក្តីលោករដ្ឋេលេខាធិការបានបញ្ជាក់ថាពេលនេះយើងមានព្រៃ យើងមានសត្វប៉ុន្តែមិនទាន់មានសុវត្តិភាពនៅឡើយទេ ដោយសារនៅមានជនខិលខូចលបលួចកាប់ព្រៃឈើ បរបាញ់សត្វ ការដាក់អន្ទាក់និងការគំរាមកំហែងដោយបាត់បង់ទីជម្រកដោយសារកាន់កាប់ដីធ្លីនេះ។
ជាមួយគ្នានេះលោកនេត្រភក្ត្រាបានបញ្ជាក់បន្ថែមថា ការផ្លាស់ប្តូរពលរដ្ឋពីតំបន់អភិរក្សសំខាន់ៗនេះក្រសួងបានចាប់ផ្តើមធ្វើបណ្តើរៗហើយ។កន្លងមការផ្សពផ្សាយពីការផ្លាស់ប្តូរនេះក្រសួងបានធ្វើវេទិការសាធារណៈផងដែរ។សម្រាប់ពលរដ្ឋមួយចំនួនក៏បានស្ម័គ្រចិត្តផ្លាស់ប្តូរនិងមួយចំនួនសុំផ្លាស់ប្តូរតែម្តងដើម្បីពួកគាត់បានរស់នៅតំបន់ដែលពួកគាត់ចង់រស់នៅនិងងាយស្រួលប្រកបរបរកសិកម្មចិញឹ្ចមជីវិត។
លោកបានមានប្រសាសន៍ផងថាកន្លងមកក្រសួងបរិស្ថានបានគិតគូរនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមសហគមន៍តំបន់ធនធានធម្មជាតិជាបន្តបន្ទាប់ដើម្បីឱ្យពួកគាត់មានជីវភាពធូធារឈប់បរបាញ់សត្វ កាប់ព្រៃឈើដោយប្រែក្លាយតំបន់ពួកគាត់រស់នៅជាតំបន់ទេសចរណ៍ បង្កើតមុខរបរថ្មីជូនពួកគាត់និងពិសេសអប់រំបណ្តុះបណ្តាលមានចំណេះដឹងអាចមានសមត្ថភាពចេញទៅប្រកបការងារខាងក្រៅឈប់បរបាញ់សត្វ ហើយជំនួសមកវិញដោយរួមគ្នាអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅថ្ងៃខាងមុខ៕សរន