ប្រែសម្រួលៈវាសនា/ស៊ីដនី៖ អូស្ត្រាលី កាលពីថ្ងៃចន្ទទី០១កុម្ភៈបានទាមទារអោយយោធាមីយ៉ាន់ម៉ាដោះលែងមេដឹកនាំ អ៊ុង សាន ស៊ូជី និងឥស្សរជនជាប់ឆ្នោតដទៃទៀត ដោយបានព្រមានថា យោធាប្រទេសមួយនេះកំពុង«ព្យាយាមដណ្តើមអំណាចសាជាថ្មី»។
រដ្ឋមន្ត្រីការបរទេស ម៉ារីស ផេន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងអំពាវនាវអោយយោធាគោរពនីតិរដ្ឋ ដោះស្រាយជម្លោះតាមយន្តការស្របច្បាប់ និងដោះលែងមេដឹកនាំស៊ីវិលទាំងអស់ រួមទាំងអ្នកដទៃទៀតដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់»។
ផេន បាននិយាយថា «យើងគាំទ្រការប្រជុំសភាជាតិដោយសន្តិវិធី ស្របតាមលទ្ធផលនៃការបោះឆ្នោតសកលកាលពីខែវិច្ឆិកាឆ្នាំ២០២០»។
មេដឹកនាំតាមការជាក់ស្តែង អ៊ុង សាន ស៊ូជី និងប្រធានាធិបតី វីន មីយីនត៍ត្រូវបានចាប់ខ្លួនកាលពីដើមថ្ងៃចន្ទ ក្នុងអ្វីដែលទំនងជារដ្ឋប្រហារយោធាមួយ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិបដិសេធការទាមទាររបស់ក្រុមយោធាអោយស៊ើបអង្កេតការចោទប្រកាន់ថាមានភាពមិនប្រក្រតីជាទូទៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកាដែលគណបក្សរបស់លោស្រីស៊ូជីបានឈ្នះក្នុងសម្លេងភាគច្រើនលើសលប់។
ការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ជាការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកទី២ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះងើបចេញពីការគ្រប់គ្របយោធាអស់៤៩ឆ្នាំ កាលពីឆ្នាំ២០១១។
ក្នុងពេលជាមួយគ្នា ជប៉ុន បាននិយាយថា ខ្លួនមិនមានផែនការនាំពលរដ្ឋជប៉ុនចេញពីមីយ៉ាន់ម៉ាទេ តែបន្តតាមដានសភាពការណ៍នេះ។ជប៉ុនមានពលរដ្ឋរបស់ខ្លួនប្រមាណ៣.៥០០នាក់នៅមីយ៉ាន់ម៉ា៕
អូស្ត្រាលី ព្រមានថាយោធាមីយ៉ាន់ម៉ាទំនងជាកំពុងព្យាយាមដណ្តើមអំណាចជាថ្មី និងទាមទារអោយដោះលែងមេដឹកនាំជាប់ឆ្នោត រួមមានលោកស្រីអ៊ុង សាន ស៊ូជី និងប្រធានាធិបតី វីន មីយីនត៍ផង