ដោយៈ សរិទ្ធ/ស្វាយរៀងៈ បុរសម្នាក់ បានចងកសម្លាប់ខ្លួននៅផ្ទះ ដោយសារតែមាន ជំងឺប្រចាំកាយ ព្យាបាលមិនធូរស្បើយ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាល ស្រុករំដួល បានឱ្យដឹងថាៈ បុរសនេះ ឈ្មោះ ប៉ែន ហេន មុខរបរ កសិករ អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ ក្រោយពីទទួល បានសេចក្ដីរាយការណ៍ ពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ចបច្ចេកទេស នៃអធិការដ្ឋាន នគរបាល ស្រុករំដួល សហការជាមួយគ្រូពេទ្យ នៅមណ្ឌលសុខភាព និងសមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាល ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ រួចហើយសន្និដ្ឋានថា នៅជុំវិញខ្លួនសាកសព ពុំមានស្លាកស្នាមអ្វីផ្សេង ដែលសម្គាល់ថា ជារឿងឃាតកម្មនោះទេ គឺពិតជាស្លាប់ដោយចង ក ប្រាកដមែន ។
ក្រុមគ្រួសារ បានបានប្រាប់សមត្ថកិច្ចថាៈ កូនគាត់ មានជំងឺប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ដោយបានទៅព្យាបាល នៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ តែមិនបានធូរស្រាលសោះ។ នៅថ្ងៃកើតហេតុក្រុមគ្រួសារជាប់រវល់មិននៅផ្ទះ។ លុះត្រឡប់មកវិញស្រាប់តែប្រទះ ឃើញ កូនចង ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលតែម្ដង៕/V-PC