ដោយៈ សុខុម / ស្ទឹងត្រែងៈ យុវជនម្នាក់ បានរងរបួសជាទម្ងន់ ដោយសារជនមិនស្គាល់មុខ មួយក្រុម បានជិះរថយន្តមួយគ្រឿង មកឈប់ ហើយចុះកាប់ នៅពេលយុវជនម្នាក់នេះ បានកំពុងអង្គុយលេង នៅលើតូបមុខផ្ទះ ក្បែរខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង ១១និង ៣០ នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្រោយពេល បានប្រព្រឹត្ត បទល្មើសឃាតកម្មនេះ ជនមិនស្គាល់មុខ មួយក្រុមនោះ បានជិះរថយន្ត គេចខ្លួនបាត់តែម្តង ។
លោក ឈឹម សុភី នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងត្រែង បានប្រាប់ឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ លិ ចាន់ឡុង អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ បន្ទាប់ពីមានហេតុការណ៍ កើតឡើង ក្រុមគ្រួសារ បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងបានដាក់ពាក្យបណ្ដឹង ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង។
ប្រភពពីនគរបាល បានប្រាប់ឲ្យដឹងទៀតថាៈ ករណីកាប់គ្នា ខាងលើនេះ ជនមិនស្គាល់ អត្តសញ្ញាណ បានគេចខ្លួន ហើយសមត្ថកិច្ច កំពុងសួរនាំជនរងគ្រោះ និងតាមរកចាប់ មុខសញ្ញា ជនប្រព្រឹត្ត មកផ្តន្ទាទោស តាមច្បាប់៕/V-PC