ដោយ: ពៅនិមល / ភ្នំពេញ: ប្រទេសកម្ពុជា គិតត្រឹមរយៈពេល ១ខែ មករា ដើមឆ្នាំ២០២១ នេះ ទទួលបានគម្រោងវិនិយោគថ្មី ចំនួន ១១ ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ សរុបជិត ៤៤ លានដុល្លារអាម៉េរិក ដែលគម្រោងភាគច្រើន វិនិយោគលើវិស័យកាត់ដេរ និងសម្លៀកបំពាក់។
យោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថាៈ រយៈពេលមួយខែពេញ គឺខែមករា កន្លងទៅ សម្រាប់ក្រុមហ៊ុន ចំនួន ១១ គម្រោង ដែលរដ្ឋាភិបាលបានសម្រេចជូននេះ នៅក្នុងគម្រោងវិនិយោគ លើវិស័យ ផ្សេងៗគ្នា រួមមានៈ រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង, រោងចក្រផលិតកាបូប, រោងចក្រផលិតប្រអប់ ក្រដាសកាតុង និងផលិតផលវេចខ្ចប់ ពីក្រដាសគ្រប់ប្រភេទ និងរោងចក្រផលិត បង់ស្អិត គ្រប់ប្រភេទជាដើម។
ប្រភពដដែល បានរៀបរាប់ថាៈ ក្នុងការវិនិយោគ លើវិស័យឧស្សាហកម្មកាត់ដេរ មានចំនួន ៥ គម្រោង ដោយមានទំហំទឹកប្រាក់ សរុប ២១ លានដុល្លារ ក្នុងនោះ ក្រុមហ៊ុន JIAN YUAN TONG GARMENT មានទុនវិនិយោគ ប្រមាណ ២,៤ លានដុល្លារ, ក្រុមហ៊ុន HC GLOBAL TEXTILE ៧,៨ លានដុល្លារ, ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE ៥,៧ លានដុល្លារ, ក្រុមហ៊ុន BRIGHTNESS (CAMBODIA) GARMENT FACTORY ៣,១ លានដុល្លារ និងក្រុមហ៊ុន XIN YUNFENG (CAMBODIA) FASHION មានទុនវិនិយោគ ប្រមាណ ២,៤ លានដុល្លារ។
ដោយឡែក ក្រុមហ៊ុនដែលវិនិយោគ លើវិស័យផ្សេងៗទៀត រួមមាន ក្រុមហ៊ុនបង្កើត រោងចក្រផលិតធុងទឹកកក, រោងចក្រផលិតកាបូបគ្រប់ប្រភេទ, រោងចក្រផលិតប្រអប់ ក្រដាសកាតុង និងផលិតផលវេចខ្ចប់ ពីក្រដាសគ្រប់ប្រភេទ, រោងចក្រផលិតបង់ស្អិត គ្រប់ប្រភេទ និងគម្រោងបង្កើត រោងចក្រផលិតស្បែកជើង ចំនួន ២ ផ្សេងទៀត, ក្រុមហ៊ុនទាំងនេះ មានទុនជាង ៤២ លានដុល្លារ៕/V-PC/សរន