Home ព័ត៌មានសំខាន់ៗ សម្ដេច​តេ​ជោ​...

សម្ដេច​តេ​ជោ​នាយ​ករ​ដ្ឋ​ម​ន្ត្រីៈ​ចំណូល​បាន​ពី​ប្រេង​មិន​ជះ​វិសាលភាព​ដល់​សេដ្ឋកិច្ចកម្ពុជា​ទេ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​ប្រេង​មិនទាន់​អាចជួយ ដល់​សេដ្ឋកិច្ចកម្ពុជា​បានទេ​។ ចំណូល​បាន​ពី​ប្រេង​មិន​ស្មើនឹង​ចំណូល​បាន​ពី​ការយកពន្ធ​ពី​ទិដ្ឋាការ​ទេសចរ​ក្នុង​មួយឆ្នាំ​ផង ។​

​ក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​នា​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា​ចំណូល​ដែល​បានមកពី​វិស័យ​ប្រេង​មិនទាន់​ជួយ​សេដ្ឋកិច្ច​របស់​កម្ពុជា​បានទេ​ដោយសារ​វា​នឹង​ជា​ទំហំ​តូច​នៅឡើយ ។​សម្តេច​តេ​ជោ បន្តថា​ដោយ​លើក​ជា​សំណួរ​ថា​តើ​តំណក់​ប្រេង​ដល់​ណា​ហើយ​?​ថ្ងៃនេះ​ខ្ញុំ​សុំ​បញ្ជាក់ជូន​ចំពោះ​ជនរួមជាតិ​របស់​យើង​អំពី​បញ្ហា​ប្រេង​ដែល​បានប្រកាស​ចាប់ផ្ដើម​តំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​០២០​គាប់​ជួន​នឹង​ខួប​លើក​ទី​២​នៃ​ថ្ងៃ​បញ្ចប់សង្គ្រាម​តាម​នយោបាយ​ឈ្នះ​ឈ្នះ ។​
​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា​អណ្ដូង​ទីមួយ​បាន​ដំណើរការ​រយៈពេល ៣៣ ថ្ងៃ​ហើយ ។ អណ្ដូង​ទី​ពីរ​ទើប​ចាប់ផ្ដើម​ដំណើរការ ។​អណ្តូង​ទី មួយ គឺ​ផលិត​បាន ១.២៣៦ បារ៉ែល​ក្នុង​មួយថ្ងៃ ។​ក្នុង​រយៈពេល​៣៣​ថ្ងៃ​ផលិត​បាន​៤០.៧៨៨​បារ៉ែល​។​អណ្តូង​ទី​៤​បាន​ចាប់ ផ្ដើម​នៅ​ថ្ងៃទី ៣០ ខែមករា ។​សម្តេច​បាន​បន្តថា អណ្តូង​ទីមួយ បាន​ដំណើរការ​៣៣​ថ្ងៃ​ហើយ​។​ឥឡូវ​អណ្តូង​ទី​ពីរ កំពុង​ចាប់ដំណើរការ ហើយ​អណ្តូង​ទី​បី ទី​បួន​និង​ទី​ប្រាំ នឹង​បន្ត​ដំណើរការ​។ តាម​ការប៉ាន់ប្រមាណ​ថា​យើង​នឹង​ទទួលបាន​មួយថ្ងៃ​ជាង ៧០០០ បារ៉ែល​ទៅ ៧៥០០ បារ៉ែល​តែប៉ុណ្ណោះ​។

​សម្តេច​តេ​ជោ​បានលើកឡើង​ថាបើ​តម្លៃ​ប្រេង​មួយ​បារ៉ែល​ជាង​៥០​ដុល្លារ​យើង​ទទួលបាន​ជាង​៣០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ វា​មិន​ស្មើនឹង​ចំណូល​បានមកពី​ពន្ធ​លើ​ទិដ្ឋាការ​ទេសចរណ៍​បរទេស​មួយ​លាន​នាក់​ផង ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ប៉ុន្មាន​ថ្ងៃនេះ​មានការ​វិភាគ​អំពី​ផល​ដែល​បាន​ប្រេង​តើ​អាចជួយ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​ដែរឬទេ​? ខ្ញុំ​ចង់​បញ្ជាក់ថា​ចំណូល​ដែល​បានមកពី​ធនធាន​ប្រេង​មាន​ទំហំ​តូច​នៅឡើយ​មិនអាច​ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​នៅឡើយ​ទេ ។​​ចំណូល​ពី​ប្រេង​មិនទាន់​ជះ​វិសាលភាព​ដល់​សេដ្ឋកិច្ច​កម្ពុជា​នោះទេ​៕​សរន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular