ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) ដែលធ្វើការស៊ើបអង្កេតប្រភពដើមនៃកូវីដ១៩ បានចុះទៅមើលផ្សារមួយក្នុងទីក្រុងអ៊ូហានកាលពីថ្ងៃអាទិត្យ កន្លែងដែលវីរុសកូរ៉ូណាដំបូងបានលេចឡើងកាលពីជាងមួយឆ្នាំមុន។
យោងតាមក្រុមអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មាន AFP សមាជិកនៃក្រុមស៊ើបអង្កេតបានមកដល់ផ្សារអាហារសមុទ្រហួណាន ដែលបិទចាប់តាំងពីខែមករាឆ្នាំមុន។ពួកគេបានបើកឡានចូលទៅក្នុងបរិវេណផ្សារដែលហ៊ុមព័ទ្ធដោយរនាំង ខណៈឆ្មាំការពារបានរារាំងអ្នកដទៃទៀតយ៉ាងលឿនមិនឱ្យចូលទេ។
បេសកកម្ម ដែលត្រូវបានពន្យារពេលដោយចិននិងត្រូវបានថ្លឹងថ្លែងដោយទម្ងន់នយោបាយ គឺមានភារកិច្ចស្វែងយល់ពីរបៀបដែលវីរុសលោតពីសត្វទៅមនុស្ស។
ប៉ុន្តែខណៈដំណើរការចុះពិនិត្យដល់ទីកន្លែងកំពុងស្ថិតក្នុងដំណាក់កាលដំបូង ក្រុមមន្ត្រី WHO បាននិយាយសម្រាលរួចទៅហើយនូវការរំពឹងទុកក្នុងការរកឃើញប្រភពវីរុសដែលបានសម្លាប់មនុស្សជាង ២ លាននាក់និងបំផ្លាញសេដ្ឋកិច្ចពិភពលោក។
កាលពីថ្ងៃអាទិត្យ ក្រុមអ្នកស៊ើបអង្កេតបានមកដល់ផ្សារហួណាន ដែលជាផ្នែកមួយនៃដំណើរដែលបានគ្រោងទុកជាយូរដែលឥឡូវនេះត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរចិន។
ក្រុមអ្នកជំនាញមិនទទួលយកសំណួរពីអ្នកកាសែតទេ ហើយសមាជិកម្នាក់នៃក្រុមស៊ើបអង្កេតនេះបានគ្រវីក្បាលនិងបិទបង្អួចឡាន នៅពេលសួរអំពីការរំពឹងទុករបស់គាត់សម្រាប់ដំណើរចុះពិនិត្យនេះ។
បុគ្គលិកសន្តិសុខបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅឱ្យចាកចេញ ហើយអង្រួនជណ្តើរខ្ពស់មួយ ដែលអ្នកថតរូបម្នាក់កំពុងអង្គុយចាំថតពីចម្ងាយ។
ក្រោយមកទៀតដើម្បីឆ្លើយតបទៅនឹងសំណួរដែលគេស្រែកខ្លាំងៗពីចម្ងាយថាតើអ្នកជំនាញពេញចិត្តនឹងសិទ្ធិចូលពិនិត្យដែលគេផ្តល់ឱ្យឬអត់ សមាជិកម្នាក់នៃបេសកកម្មនេះបានលើកមេដៃថាពេញចិត្ត។
កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Times បានចុះផ្សាយរបាយការណ៍មួយនិយាយសម្រាលពីសារៈសំខាន់នៃផ្សារហួណានក្នុងការដើរតួជាចំណុចកណ្តាលនៃការផ្ទុះវីរុសកូរ៉ូណាដោយអះអាងថា “ការស៊ើបអង្កេតជាបន្តបន្ទាប់” បានលើកឡើងថា ផ្សារនេះមិនមែនជាប្រភពនៃការផ្ទុះវីរុសនោះទេ៕
ក្រុមអ្នកជំនាញរបស់ WHO ចុះទៅដល់ផ្សារលក់អាហារសមុទ្រក្នុងទីក្រុងអ៊ូហានកាលពីថ្ងៃអាទិត្យ