ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ទៅបុករះម៉ូតូ ចំនួន ១៣ គ្រឿង ដែលឈប់នៅលើចិញ្ចើមផ្លូវ និងបន្តទៅបុករថយន្ត ដែលចតស្ងៀម ចំនួន ៣ គ្រឿងទៀត ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៥៦ ខាងមុខភោជនីយដ្ឋាន វីហ្វ្រេន ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតា កាមរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7566 តាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងទិសដៅពីខាងលិច ទៅខាងកើត យ៉ាងលឿន ។
ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូត ទៅបុករះ ម៉ូតូរបស់ភ្ញៀវ ដែលឈប់ ចត នៅលើចិញ្ចើមផ្លូវ ចំនួន ១៣ គ្រឿង ហើយរថយន្ត នៅមិនទាន់អស់ល្បឿនបន្តទៅ ខាងមុខ រួចបុករថយន្ត ម៉ាកតូយ៉ូតា RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-1033 ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ ហើយរថយន្ត ក៏រុញទៅបុករថយន្តមួយគ្រឿង ទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-4791 ដែលឈប់ចត ស្ងៀម នៅលើចិញ្ចើមផ្លូវដូចគ្នា ហើយរថយន្តតូយ៉ូតា ព្រូស ក៏បានថយក្រោយទៅបុកចំ ពីមុខរថយន្ត មួយគ្រឿងទៀត ម៉ាកតូយ៉ូតា កាមរី (បាលែន) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3956 ដែលឈប់ចតស្ងៀម នៅលើចិញ្ចើម បណ្តាលឲ្យរងការខូចខាត ។
ក្រោយមក ដោយម្ចាស់រថយន្តតូយ៉ូតា កាមរី (បាលែន) ដែលរងការខូចខាតបន្តិចបន្តួច មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បើករថយន្ត ចេញពីកន្លែងកើតហេតុ ដោយមិនទាមទារ សំណងអ្វីនោះទេ ។
បន្ទាប់ពីកើតហេតុ ម៉ូតូទាំង ១៣ គ្រឿង និងរថយន្ត ៣ គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកនាំទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕/V-PC