លោក ប៉ាន សូរ​ស័ក្តិ លើកទឹកចិត្ត​ដល់​កីឡាករ ពង្រឹងសមត្ថភាព ឆ្ពោះទៅ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ២០២៣

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុ ប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​ជំរុញ និង​លើកទឹកចិត្ត ដល់​កីឡាករ ឱ្យ​ខិតខំ​ពង្រឹងសមត្ថភាព ដើម្បី​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ ខាងមុខ និង​ផ្តល់ គន្លឹះ​មួយចំនួន ដើម្បីឱ្យ​វិស័យនេះ កាន់តែ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ បន្ថែមទៀត​។​

​នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក ភូមិភាគ​បឹង​ទន្លេសាប កាលពី​រសៀល ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ កន្លងទៅ នៅ​ខេត្តកណ្តាល លោក​រដ្ឋមន្ត្រី បានលើកឡើង នូវ​គន្លឹះ​សំខាន់ៗ ដល់​កីឡាករ​ថា ត្រូវមាន​ធនធាន និង​សម្ភារ​ហ្វឹកហាត់ ឱ្យបាន​គ្រប់គ្រាន់ ជាអាទិ៍ សមាគម កីឡា​ទូក រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា ចូលរួម​ប្រកួត ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់ជាតិ​, ត្រូវ​ពង្រឹង​រចនា សម្ព័ន្ធ គ្រប់គ្រង​ផ្ទៃក្នុង របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក ទូទាំងប្រទេស​ដោយ​ផ្តោត លើ ការបំពេញ​មុខងារ របស់​គណៈកម្មការ ជំនាញ​នីមួយៗ ប្រកបដោយ​ភាព​ទទួល ខុសត្រូវ​ខ្ពស់ និង​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ របស់​សហព័ន្ធ ឱ្យបាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ ឲ្យ​កាន់តែច្រើន​ទៀត​, ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ គ្រប់គ្រង​ផ្ទៃក្នុង របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក ទូទាំងប្រទេស​ដោយ​ផ្តោតលើ​ការ បំពេញ​មុខងារ របស់​គណៈកម្មការ​ជំនាញ​នីមួយៗ ប្រកបដោយ​ភាព ទទួលខុសត្រូវ​ខ្ពស់​, ត្រូវ​ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល និង​ចៅក្រម ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ការប្រកួត បាន​គ្រប់​កម្រិត​និង​ត្រូវខិតខំ​ស្វែងរក ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឱ្យបាន​កាន់ តែ​ច្រើន ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន​។​

​កម្មវិធី​ប្រកួត​កីឡា​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក ភូមិភាគ​បឹង​ទន្លេសាប “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០” ត្រូវបាន​បញ្ចប់ ដោយ​ជោគជ័យ ជាមួយ​ស្នាមញញឹម និង​ក្តី​រីករាយ​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ លើ​វិញ្ញាសា​ចំនួន​៥ រួមមាន​៖ ១.​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​បុរស​, ២.​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​នារី​, ៣.​ទូក​កា​នូ​C1 ទី​៤ ទូក​កា​យ៉ាក់​K1 និង​ទី​៥. ទូក​រ៉ូ​អ៊ីង​។ ក្នុងនោះ​រង្វាន់​សម្រាប់​ជ័យលាភី​ទាំងអស់​ត្រូវបាន​បែងចែក ដូចជា សម្រាប់​ទូក​ប្រពៃណី ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ផ្នែក​បុរស និង​នារី​៖ លេខ​១ ទទួលបាន ១.៩២០.០០០ រៀល លេខ​២ ទទួលបាន ១.៦០០.០០០ រៀល លេខ​៣ ទទួលបាន ១.២៧៨.០០០ រៀល​។ រីឯ​ទូក​កា​នូ កា​យ៉ាក់ និង​រ៉ូ​អ៊ីង​វិញ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន ១៥០.០០០ រៀល / ម្នាក់ លេខ​២ ទទួលបាន ១២០.០០០ រៀល / ម្នាក់ លេខ​៣ ទទួលបាន ១០០.០០០ រៀល / ម្នាក់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular