ដោយៈសរិទ្ធ / ភ្នំពេញៈ យុវសិស្សម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីចុះលេងទឹក បឹងតាមោក ជាមួយមិត្តភក្តិ ពីរនាក់ផ្សេងទៀត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជា ៦ និង៣០នាទី ល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
សពឈ្មោះ សុខ រតនៈ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្លាកស្នាមបន្សល់ទុក មានហូរទឹក ចេញតាមច្រមុះ។
តាមការឲ្យដឹងពីឈ្មោះ យ៉ាន សៅ និងឈ្មោះ ទិត្យ ផានិត បានប្រាប់ថាៈ នៅមុនពេល កើតហេតុ ម៉ោងប្រហែល ២ រសៀល ពួកខ្លួន និងជនរងគ្រោះ បានបបួលគ្នាទៅលេងទឹក នៅបឹងតាមោក ហើយក៏បាននាំគ្នាផឹកស្រាបៀរ អស់ប្រហែល ១ កេស រួចក៏បបួលគ្នា ចុះទៅលេងទឹក ដោយយកទូកឈើ ដែលគេទុកចោល មកជិះលេង។
លុះដល់កន្លែងទឹកជ្រៅ ក៏នាំគ្នាលោតទឹកលេង យ៉ាងសប្បាយ។ ចំណែកជនរងគ្រោះវិញ ក្រោយពីលោតចូលទឹកមួយសន្ទុះមក គឺមិនឃើញងើបឡើងវិញទេ ទើបពួកខ្លួនស្រែក ឆោឡោ និងហៅអ្នកនៅជិតកន្លែងកើតហេតុនោះ ឱ្យជួយស្វែងរក ហើយជួយស្រង់ ជនរងគ្រោះ មកសង្គ្រោះ។ ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។ បន្ទាប់មក ពួកខ្លួន ក៏បានរាយការណ៍ប្រាប់ ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពញា ពន់តែម្ដង។
តាមការបំភ្លឺរបស់សាក្សី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ បានពិនិត្យ វិភាគកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារលង់ទឹក ប្រាកដមែន៕/V-PC