ប្រែសម្រួលៈវាសនា/ហាណូយ៖រាល់បារ ហាងខារ៉ាអូខេនិងឌីស្កូទែក នៅក្រុងហាណូយត្រូវបិទ ហើយអ្នកក្រុងត្រូវជៀសវាងការជួបជុំមិនចាំបាច់ចាប់ពីថ្ងៃ០១កុម្ភៈនេះទៅនៅក្នុងការចាត់វិធានកាតទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។
គណៈកម្មាធិការប្រជាជនក្រុងហាណូយ បានប្រកាសការសំរេចចិត្តនេះកាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងកិច្ចប្រជុំមួយស្តីពីចម្លើយតបចំពោះការផ្ទុះជំងឺកូវីដ១៩ចុងក្រោយនេះ។
កន្លែងស៊ីចុកទាំងអស់ក៏ត្រូវអោយអតិថិជនរក្សាគម្លាតសុវត្ថិភាព និងតុកៅអីត្រូវរៀបចំដើម្បីធានាគម្លាតសង្គម ហើយបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់។
អាជ្ញាធរក្រុងបាននិយាយថាប្រជាជនគួរកំហិតការជួបជុំចំពេលមានការព្រួយបារម្ភអំពីការឆ្លងរាលដាលវីរុសកូរ៉ូណាក្នុងល្បឿនលឿននៅមួយរយៈពេលចុងក្រោយនេះ ។
ក្រសួងសុខាភិបាលវៀតណាម កាលពីព្រឹកថ្ងៃចន្ទបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២នាក់ទៀតនៅក្រុងហាណូយ ដោយធ្វើអោយការឆ្លងនៅ៥ថ្ងៃមកនេះនៅទូទាំងប្រទេសកើនដល់២៤០នាក់។អ្នកជំងឺជាស្ត្រីទាំងពីរនាក់នេះបានឆ្លងវីរុសមកពីអ្នកជំងឺនៅក្រុងជីលីញ ក្នុងខេត្តហាយហ្វឿង ភាគខាងជើង។
កាលពីល្ងាចថ្ងៃអាទិត្យ វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៦ករណីទៀត ក្នុងនេះ១៧ករណីជាការឆ្លងនៅក្នុងស្រុកនិង១៩ករណី ជាអ្នកដំណើរចូលមកពីក្រៅប្រទេស។ការឆ្លងក្នុងស្រុកនេះរួមមាន៤នាក់នៅក្រុងហាណូយ។
សូមបញ្ជាក់ថា នៅជិត១សប្តាហ៍មកនេះ ក្រុងហាណូយបានរកឃើញអ្នកឆ្លងកូវី១៩ចំនួន១៥នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងការផ្ទុះជំងឺនេះនៅខេត្តហាយហ្វឿងទាំងអស់។
ខេត្តហាយហ្វឿងភាគខាងជើង ឥឡូវក្លាយជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩ជាចង្កោមធំបំផុតនៅវៀតណាមដោយអ្នកឆ្លង១៨៨នាក់ត្រូវបានគេរកឃើញនៅទីនេះចាប់តាំងពីការឆ្លងកូវីដ១៩ក្នុងសហគមន៍បានវិលមកវៀតណាមវិញកាលពីថ្ងៃ២៨មករា។ខេត្តក្វាងនីញ ក្បែរនេះបានរកឃើញអ្នកឆ្លង២៥នាក់ផងដែរ។ការផ្ទុះជំងឺឆ្លងចុងក្រោយនេះឥឡូវបានរាលដាលដល់ខេត្តក្រុងផ្សេងទៀតចំនួន៧ រួមមានមនុស្សឆ្លង៤នាក់នៅខេត្តយ៉ាយឡាយ ៣នាក់នៅបាក់និញ ២នាក់នៅហ័រប៊ិញ ម្នាក់នៅក្រុងហូជីមិញភាគខាងត្បូង និងម្នាក់នៅប៊ិញយឿង។
ត្រឹមព្រឹកថ្ងៃចន្ទ វៀតណាមមានអ្នកឆ្លងកូវីដ១៩សរុប១.៨១៩នាក់ និងនៅសល់អ្នកផ្ទុកវីរុសនេះចំនួន៣៦២នាក់។នៅទូទាំងពិភពលោក ជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង២,២៣លាននាក់ និងចម្លងជាង១០៣,៥លាននាក់៕
ហាងទំនិញនៅផ្លូវដែលធ្លាប់តែមានមនុស្សអ៊ូអរនៅក្រុងហាណូយបែរជាទទេស្អាតកាលពីថ្ងៃអាទិត្យទី៣១មករា