ដោយ: ពៅនិមល/ភ្នំពេញ: ក្នុងគោលបំណងដើម្បីបញ្ចៀសការក្លែងបន្លំ និងសម្គាល់ ទំនិញនៅតាមតំបន់ នៅពេលខាងមុខឆាប់ៗនេះ រដ្ឋាភិបាលកម្ពុជា បានកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាកសមូហភាពលើផលិតខ្មែរប្រមាណជិត ១០មុខបន្ថែមទៀត។ នេះបើតាមលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោមការផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្រសួងកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាក សមូហភាពលើផលិត ខ្មែរ៥មុខ រួមមាន៖ អំបុកកំពង់ធំ , នំបញ្ជុកសៀមរាប, ចម្លាក់ប្រាក់ស្ពាន់ ឃុំកំពង់លួង កោះចិន ខេត្តកណ្តាល, ស្មូនឆ្នាំងដី ខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែ រនោង ខេត្តតាកែវ។ ក្រៅពីម៉ាកសមូហភាពនេះ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលើ ទឹកឃ្មុំមណ្ឌលគិរី , អំបិល និងផ្កាអំបិលកំពតផងដែរ។ លោកបានរៀបរាប់ថា សម្រាប់ អំបុកកំពង់ធំ៖ គ្រោងរៀបចំបង្កើតមហាសន្និបាតកំណើតដំបូង ដើម្បី ពិនិត្យ និងអនុម័ត សេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង ក្រុមអ្នកផលិតអំបុកកំពង់ធំ” និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈ កម្មការប្រតិបត្តិគ្រប់គ្រងនាសប្តាហ៍ទី៣នៃខែមីនា ឆ្នាំ២០២១។ បន្ទាប់មក “ក្រុមអ្នក ផលិតអំបុកកំពង់ធំ” នឹងធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជី នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មជាផ្លូវការ ដើម្បីចុះបញ្ជីទទួលស្គាល់និងការពារ ម៉ាកសមូហភាព អំបុកកំពង់ធំ។ នំបញ្ចុកសៀមរាប (ព្រះដាក់)៖ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះ យោបល់ស្តីពី ការប្រមូលព័ត៌មានបឋមទាក់ទងនឹងការផលិត និងលក់នំបញ្ចុកសៀមរាប ដើម្បីកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” នាសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២១ ខាងមុខ។ បន្ទាប់មក ក្រសួងនឹងបន្តសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការ ប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមអ្នកផលិតនំបញ្ចុកសៀមរាប។ ចម្លាក់ប្រាក់ស្ពាន់ (កំពង់លួង កោះចិន) ខេត្តកណ្តាល៖ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ក្នុងឃុំកំពង់លួង និងកោះចិន ខេត្តកណ្តាលកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ក្រុមការងារក្រសួង រួមជាមួយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋាន ឯកទេសសូនរូប នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្កើតឱ្យមានគណៈ កម្មាធិការបណ្តោះអាសន្ន ដើម្បីរៀបចំសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង។
លោកអនុរដ្ឋលេខាធិការ រៀបរាប់បន្តទៀតថា សម្រាប់ពងទាកូនតាកែវ គឺ បានរៀបចំសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសមូហភាព “ពងទាកូន ស្រែរនោង” ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ នាយកដ្ឋានបាននឹងកំពុងរៀបចំចងក្រងសេចក្តីព្រាងបទបញ្ជារួមគ្រប់គ្រងការ ប្រើប្រាស់ម៉ាកសមូហភាព និងបទបញ្ជាផ្ទៃក្នុង។ អង្ករព្រះវិហា គឺបាន រៀបចំសិក្ខាសាលា ស្តីពីស្តង់ដារស្រូវអង្ករព្រះវិហា ក្រោមក្របខ័ណ្ឌកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដោយអនុវត្តដោយអង្គការអ្នក ក្សេតសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែន ។
លោក ប៉ែន សុ វិជាតិ បានបញ្ជាក់ទៀតថា ដោយទ្បែក មានម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញចំនួន២ទៀត រួមមាន៖ ទឹកឃ្មុំព្រៃមណ្ឌលគីរី ដែលពេលនេះ អង្គការ WWF និងអង្គការ CIRD បានស្នើសុំឱ្យមានកិច្ចសហការពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួង ពាណិជ្ជកម្ម ដើម្បីរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទឹកឃ្មុំ ព្រៃមណ្ឌល់គិរី និងគោរពស្នើសុំលោករដ្ឋមន្ត្រីពាណិជ្ជកម្មផ្តល់ជាកិត្តិយសចូលរួម ក្នុងពិធីសម្ពោធ និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទឹកឃ្មុំ ព្រៃមណ្ឌលគិរី និងរៀបចំឱ្យមានសិក្ខាសាលា ស្តីពីទស្សនៈទាន និងអត្ថប្រយាជន៍ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីផ្សព្វផ្សាយទៅអ្នកពាក់ពន្ធ័ ដូចជា៖ពាណិជ្ជករ ក្រុមហ៊ុន និងអ្នកប្រើប្រាស់ទឹកឃ្មុំព្រៃមណ្ឌលគិរី ព្រមទាំងរៀបចំទស្សនៈកិច្ចទៅកាន់តំបន់ប្រមូល ទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលគ្រោងប្រព្រឹត្តនៅដើមខែមីនាខាងមុខ។ ហើយអំបិលនិងផ្កា អំបិលកំពត ជាគម្រោងអនុវត្តដោយសហការរួមគ្នាជាមួយអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក(WIPO) និងទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍កម្ពុជា(AFD)៕/PC