ប្រែសម្រួលៈវាសនា/ហាណូយ៖ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ដែលបានមកដល់ក្រុងហាណូយកាលពីខែធ្នូជាមួយនឹងជំងឺកូវីដ១៩ ឥឡូវត្រូវបានពិនិត្យដឹងថាគាត់ផ្ទុកវីរុសកូរ៉ូណាបំលែងរូបដែលវីរុសកំពុងចម្លងខ្លាំងនៅអាហ្វ្រិកខាងត្បូង។
វិទ្យាស្ថានអនាម័យនិងរោគឆ្លងជាតិ កាលពីថ្ងៃអាទិត្យបាននិយាយថាស្ត្រីអាយុ២៥ឆ្នាំនេះ ជាអ្នកជំងឺកូវីដ១៩ដំបូងដែលផ្ទុកវីរុសកូរ៉ូណា ប្រភេទដូចនៅអាហ្វ្រិកខាងត្បូង។នាងបានជិះយន្តហោះមកដល់វៀតណាមកាលពីថ្ងៃ២៩ធ្នូ ឆ្នាំ២០២០ និងត្រូវបានធ្វើចត្តាឡីស័ក មុនតេស្តិ៍វិជ្ជមានកូវីដ១៩។
ការវិភាគសំណុំហ្សែននៃសំណាកអ្នកជំងឺបង្ហាញថា ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ផ្ទុកវីរុសកូរ៉ូណាប្លែងរូបថ្មីម្យ៉ាងដែលចម្លងលឿន
សំណាករបស់នាងត្រូវបានបញ្ជូនទៅវិភាគនិងលទ្ធផលបង្ហាញថានាងឆ្លងវីរុសកូរ៉ូណាB.1.351/501Yជាប្រភេទវីរុសបង្ហាញមុខនៅអាហ្វ្រិកខាងត្បូងមុនពេលវាចម្លងទៅកាន់៣១ប្រទេសផ្សេងទៀត។
អ្នកវិទ្យាសាស្ត្រ និយាយថា វីរុសកូរ៉ូណាប្រភេទនេះឆ្លងខ្លាំងជាងវីរុសកូរ៉ូណាប្លែងខ្លួននៅអង់គ្លេសទៅទៀត។
កាលពីថ្ងៃ០២មករា ស្ត្រីវៀតណាមម្នាក់ដែលវិលមកពីអង់គ្លេសក៏ត្រូវបានរកឃើញឆ្លងវីរុសប្លែងរូបដូចនៅអង់គ្លេស ហើយស្ត្រីវៀតណាមម្នាក់ទៀតដែលវិលមកពីជប៉ុនកាលពីសប្តាហ៍មុនក៏មានផ្ទុកវីរុសកូរ៉ូណាដូចគ្នានឹងវីរុសនៅអង់គ្លេសដែរ។ស្ត្រីវៀតណាមផ្ទុកវីរុសប្លែងរូបនេះត្រូវគេសង្ស័យថាជាអ្នកចម្លងកូវីដ១៩ជាចង្កោមក៏លឿននៅវៀតណាមបច្ចុប្បន្ននេះ។
គ្រាន់តែការផ្ទុះកូវីដ១៩ក្នុងសហគមន៍៤-៥ថ្ងៃមកនេះ វៀតណាមឃើញមានអ្នកឆ្លងដល់ទៅ២៤០នាក់។
ជាវិធានការទប់ស្កាត់កូវីដ១៩ វៀតណាមបានបិទព្រំដែនរបស់ខ្លួន តែអនុញ្ញាតអោយមានយន្តហោះដឹកអ្នកដំណើរចូលមានកំហិត គឺសំរាប់តែនាំពលរដ្ឋវៀតណាមមកពីក្រៅប្រទេស និងអ្នកជំនាញការបរទេស តែពួកគេត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅពេលមកដល់វៀតណាម៕