ដោយ: គង់ហេង / កំពង់ចាម: ស្រុកកោះសូទិននឹងទទួលបានផ្លូវបេតុងមួយខ្សែមានចម្ងាយប្រហែល ១៥ គីឡូម៉ែត្រតភ្ជាប់ជាមួយស្រុកស្រីសន្ធរ ដែលជាជំនួយរបស់ធនាគារពិភពលោក ( WORLD BANK ) គឺនឹងចាប់ផ្តើមស្ថាបនានាខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។
នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធអគារជាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ជាមួយលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា នៅព្រឹកថ្ងៃទី ៣១ ខែ”មករា ឆ្នាំ២០២១។
លោកអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានមានប្រសាសន៍ថា បញ្ហាផ្លូវធ្វើដំណើរយើងបានពិភាក្សា និងធ្វើការងារជាមួយក្រសួងអភិវឌ្ឍន៍ជនបទ រួមដៃគូម្ចាស់ជំនួយធនាគារពិភពលោក គឺធាតុពិតត្រូវបើកការដ្ឋានសាងសង់ជាផ្លូវបេតុងចេញពីឃុំពាមប្រធ្នោះ ឆ្លងកាត់ឃុំល្វេនេះ ភ្ជាប់ជាមួយផ្លូវបេតុងស្រុកស្រីសន្ធរ តាំងពីចុងឆ្នាំ២០២០ កន្លងទៅនេះ។
លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបន្ថែមថា ប៉ុន្តែជាអកុសលវិបត្តិជំងឺកូវីដ.១៩បានកើតឡើង បណ្តាលឱ្យខាងម្ចាស់ជំនួយធនាគារពិភពលោក និងខាងបច្ចេកទេសអាក់ខាន។ ប៉ុន្តែឥឡូវយើងបានជួបជាមួយមន្ត្រីជាអ្នកកាន់គម្រោងផ្លូវនេះ គឺបានសន្យាថា នឹងបើកការដ្ឋានស្ថាបនានាខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ ពិសេសឱ្យតែស្ងប់ស្ងាត់ជំងឺកូវីដ.១៩អាចនឹងដំណើរការសាងសង់បានហើយ។
លោក យិន វណ្ណ: អភិបាលស្រុកកោះសូទិនបានឱ្យដឹងនៅថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ២០២១ថា ជាការពិតតាមគម្រោងផែនការជាផ្លូវបេតុងនេះមានចំនួន ពីរ ខ្សែដែលខាងធនាគារពិភពលោកជាម្ចាស់ជំនួន គឺមួយខ្សែៗ មានប្រវែងប្រមាណ ១៥ គីឡូម៉ែត្រប្រហែលគ្នា។ ខ្សែទី១ ខាងលើចាប់ផ្តើមពីឃុំពាមប្រធ្នោះ តាមបណ្តោយទន្លេមេគង្គ ឆ្ពោះទៅឃុំមហាខ្ញូង ស្រុកកោះសូទិន ភ្ជាប់ផ្លូវបេតុងស្រុកស្រីសន្ធរ។
លោកអភិបាលស្រុកកោះសូទិនបានបន្តថា ខ្សែទី២ ចេញពីឃុំពាមប្រធ្នោះដដែលតាមបណ្តោយទន្លេតូច ឆ្ពោះទៅឃុំល្វេ ស្រុកកោះសូទិន ទល់កំពង់ដព្រែកចង្ក្រាន -ព្រែកសណ្តែក ស្រុកស៊ីធរក ណ្តាល ខេត្តព្រៃវែង៕