ដោយ: រិទ្ធិសែន / ខេត្តពោធិសាត់: ដោយសារតែជីវភាពបុរសម្នាក់បានឡើងបេះផ្លែក្រឡាញ់កម្ពស់៧ម៉ែត្រ បាក់មែកធ្លាក់ស្លាប់នៅនឹងកន្លែងតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានបង្កើតឡើងនៅវេលាម៉ោង១០និង ២០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម្សិលមិញ នៅតំបន់ព្រៃខ្នងភ្នំលីពីន ដែលស្ថិតនៅក្នុងភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អធិការនគបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក ឯម រុន បានឲ្យដឹងនៅវេលាម៉ោង១និង៣៨នាទីថ្ងៃទី១កុម្ភៈ២០២១នេះថា ជនរងគ្រោះឈ្មោះ មួយ ស៊ីនឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរមានប្រពន្ធឈ្មោះ គឹមយ៉េង អាយុ៣០ឆ្នាំ មានកូនប្រុសចំនួន២នាក់ ក្នុងបន្ទុកគ្រួសារ.រសនៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ ។
អធិការនគបាលស្រុកក្រគបានឲ្យដឹងទៀតថា ជនរងគ្រោះបានឡើងបេះផ្លែក្រឡាញ់មានកម្ពស់ប្រមាណ៧ម៉ែត្រ តែជាអកុសលបាក់មែកធ្លាក់មកខាងក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ មន្ត្រីនគបាលជំនាញចុះសហការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជុំវិញកន្លែងកើតហេតុថា បុរសខាងលើពិតជាធ្លាក់ពីលើដើមក្រទាញ់ស្លាប់ពិតប្រាកដមែន ទើបធ្វើកំណត់ហេតុប្រគល់សព ជូនជនរងគ្រោះទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕