Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាល​ជុ...

រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​ថ្កោលទោស​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស/វាសនា ៖ សហរដ្ឋ​អាម៉េរិក​បាន​ដឹកនាំ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ការអំពាវនាវ​ឱ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារ​​ចាប់ខ្លួន​មេដឹកនាំ​ស៊ីវិល​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​និង​អ្នកនយោបាយ​ដទៃទៀត​។​

– សហរដ្ឋ​អាម៉េរិក​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ជេ​ន ភី​សា​គី និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាម៉េរិក​នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​ទទួលខុសត្រូវ​ប្រសិន​បើ​ជំហាន​ទាំងនេះ​មិន​ត្រូវ​បាន​ទាញ​​បញ្ច្រាស់​វិញ​ទេនោះ​។​

​លោកស្រី​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក​ប្រឆាំង​រាល់​ការប៉ុនប៉ង​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា​ដែល​ប្រគល់​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ឱ្យ​ទៅ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​​លោកស្រី​ស៊ូ​ជី ប៉ុន្តែ​បាន​បង្ក​ការចោទប្រកាន់​អំពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ពី​សំណាក់​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​ដែល​ទើប​តែងតាំង​ថ្មី​លោក អាន​ថូ​នី ប្ល៊ី​ន​ខិ​ន​ក៏​បាន​អំពាវនាវ​ដល់​យោធា​មី​យ៉ាន់​ម៉ា​ឱ្យ​ដោះលែង​មន្ត្រី​រដ្ឋាភិបាល​និង​មេដឹកនាំ​សង្គម​ស៊ីវិល​ទាំងអស់​និង​គោរព​​ឆន្ទៈ​របស់​ប្រជាជន​ភូមា​ដូចដែល​បានបង្ហាញ​នៅក្នុង​ការបោះឆ្នោត​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី ៨ ខែវិច្ឆិកា​។​

​នៅមុន​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រួមជាមួយ​ប្រទេស​លោកខាងលិច​ជា​ច្រើន​ទៀត​បាន​ជំរុញ​ឱ្យ​យោធា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សេចក្តីថ្លែងការណ៍​​មួយ​កាលពី​ថ្ងៃទី ២៩ ខែ​មករា ដែល​បាន​ធ្វើឡើង ស្របពេល​ដែល​អគ្គមេបញ្ជាកា​រ​ភូមា​គំរាម​ដក​ហូត​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​ដែល​ទើប​តែងតាំង​ថ្មី​លោក អាន​ថូ​នី ប្ល៊ី​ន​ខិ​ន​

– អូស្ត្រាលី

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី ម៉ា​រី​ស ផេន និយាយថា “​យើង​អំពាវនាវ​ឱ្យ​យោធា​គោរព​នីតិរដ្ឋ ដោះស្រាយ​ជម្លោះ​តាមរយៈ​យន្តការ​ស្របច្បាប់ និង​ដោះលែង​មេដឹកនាំ​ស៊ីវិល​ទាំងអស់​និង​​អ្នកដទៃ​ទៀត​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​”​។​

– ឥណ្ឌា

​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​យើង​បាន​កត់សម្គាល់​អំពី​ការវិវត្ត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​ឥណ្ឌា​តែងតែ​គាំទ្រ​ជានិច្ច​ដល់​ដំណើរការ​នៃ​​ការផ្លាស់ប្តូរ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​។ យើង​ជឿជាក់ថា​ច្បាប់​និង​ដំណើរការ​ប្រជាធិបតេយ្យ​ត្រូវ​តែ​រក្សា​ឱ្យបាន​”​។​

– អង្គការសហប្រជាជាតិ

​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លើ​យោធា​ភូមា​ចំពោះ​ការ​ឃុំឃាំង​លោកស្រី​ស៊ូ​ជី ប្រធានាធិបតី​វីន មីន​និង​មេដឹកនាំ​ដទៃទៀត​។​

​អ្នកនាំពាក្យ​លោក ស្តេ​ហ្វេន ឌួ​ចារិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវិវត្ត​ទាំង​នេះ​តំណាង​ឱ្យ​ការ​វាយ​សំពង​យ៉ាង​ធ្ងន់ធ្ងរ​លើ​កំណែទម្រង់​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

– សិង្ហ​បុរី​

​ក្រសួងការបរទេ​សសិ​ង្ហ​បុ​រីបាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​ចុង​ក្រោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​សង្ឃឹមថា​គ្រប់ភាគី​ទាំងអស់​នឹង “​មាន​ការអត់ធ្មត់​ខ្ពស់​”​។​

​រដ្ឋ​ទីក្រុង​មួយ​នេះ​បាន​ណែនាំ​ប្រជាជន​សិង្ហ​បុរី​នៅ​មី​យ៉ាន់​ម៉ា​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ងាយ​ប្រែប្រួល​ណាមួយ​។​

– កាណាដា

​លោក បប់ រ៉ែ ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​សរសេ​រលើ Twitter ថា យោធា​មី​យ៉ាន់​ម៉ា​បាន​សរសេរ “​រដ្ឋធម្មនុញ្ញ​តាម​របៀប​នេះ ដូច្នេះ​ពួកគេ​អាច​ធ្វើ​រដ្ឋប្រហារ​”​។​

​លោក​និយាយថា “​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​ដើម្បី​ធានា​ថា​អំណាច​យោធា​ត្រូវបាន​បញ្ច្រៀ​តចូល​និង​ការពារបាន​យ៉ាង​ជ្រាលជ្រៅ​”​។​

-​ជប៉ុន​

​ជប៉ុន​បាន​និយាយថា ខ្លួន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា និង​ថា​ខ្លួន​ប្រឆាំង​នឹង​ការដើរបញ្ច្រាស​ដំណើរការ​នេះ ហើយ​បាន​អំពាវនាវ​អោយ​ដោះលែង​មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី និង​អ្នក​ដទៃ​ទៀត​​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ដ​ថ្ងៃ​ចន្ទ​។​

​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួង​ការបរទេស​ជប៉ុន​បាន​និយាយថា​«​រដ្ឋាភិបាល​ជប៉ុន​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា ហើយ​ប្រឆាំង​ការដើរបញ្ច្រាស​និន្នាការ​នេះ​។​យើង​សូម​អំពាវនាវ​​អោយ​រដ្ឋាភិបាល​យោធា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​អោយបាន​ឆាប់ៗ​តាម​ដែល​អាច​ធ្វើបាន​»​។​

-​អង់គ្លេស​

​រដ្ឋមន្ត្រី​អង់គ្លេស​ម្នាក់​បាន​និយាយថា សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា គួរអោយ​ព្រួយបារម្ភ​ណាស់ និង​អាជ្ញាធរ​អង់គ្លេស​កំពុង​តាមដាន​វា​យ៉ាង​យកចិត្តទុកដាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular