ដោយ: ប.ជ័យ / កំពង់ធំ: បទល្មើសនេសាទនៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មារនាឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ បន្តកើតមាន ដែលវាបង្កជាការគម្រាមកំហែងនិងរងគ្រោះបន្តបន្ថែមទៀតលើរយៈពេលយូរមកហើយ ព្រោះតែពុំទាន់មានវិធានការច្បាស់លាស់និងមានប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច។
ពលរដ្ឋ និងដោយឡែកប្រជានេសាទនៅភូមិពៅវើយឃុំពាមបាង បានចោទប្រកាន់និងសួរ ហើយប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១ខែកុម្ភៈថា៖ គេមានការសង្ស័យលើលោក បេ ធា អនុភូមិបឡត និងលោកស៊ុម អ៊ឹម អនុប្រធានភូមិពៅវើយ ជាអ្នកបានរត់ការនិងថែរក្សាបទល្មើសនេសាទនោះ ។ ក្នុងនោះបានបិទបាំងជាថ្នូរនឹងលាភលុយកាក់ ដោយបើកបណ្តោយអោយមានទូកនេសាទពីខាងជាច្រើនសម្រុកចូលទៅដាក់ពង្រាយមង និងឧបករណ៍នេសាទ។
ជាងនេះទៅទៀត នៅចំណុចត្រពាំងអាឆ្ដោអាឆ្លាមនៃផ្ទៃឡូរ៍អភិរក្សទន្លេឆ្មារីក ជាប់នឹងចំណុចក្រពើពាន់បានកើតបទល្មើសនេសាទដាក់ដៃណ រ៉ាវ ដាក់លូស្បៃមុងនិងសាច់ដៃក្រហម និងខៀវ បានសម្រុកទៅដាក់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មាជ្រោយខាងកើតបឹង។ គឺមានឧបករណ៍សំណាញ់នេសាទក្រឡាញឹកនិងក្រឡារង្វើលត្រូវបានគេប្រើប្រាសពាសពេញ។
បងប្អូនប្រជានេសាទជាលក្ខណៈគ្រួសារក្នុងមូលដ្ឋាននៅក្នុងឃុំពាមបាង ស្រុកស្ទោង ខកចិត្តនឹងជំនាញជលផល ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចនានាដែលមិនអើពើឬខកខានតែរហូត មិនចុះទប់ស្កាត់និងបង្ក្រាប។
ពោលគឺក្បាលទូកជាច្រើនលួចនេសាទខុសច្បាប់នៅក្នុងឡូត៍អភិរក្សបឹងទន្លេឆ្មាឃុំពាមបាងស្រុកស្ទោងទាំងរដូវបិទ ទាំងរដូវបើកនេសាទ។
ភាពមិនប្រក្រតីនេះ ប្រជានេសាទបានបង្ហើបថា ៖គឺមានមេខ្យល់ឃុំពាមបាង ជាអ្នករត់ការ កាងនិងសម្របសម្រួលជាមួយជំនាញនិងសមត្ថកិច្ចកងកម្លាំង ក៏ដូចមន្ត្រីស៊ីវិលដែលជាមន្ត្រីនគរបាលយុត្តិធម៌។
ពោលគឺមិនមែនមានតែសាច់របាំងសាច់អួននោះទេ តែថែមមានមានមងក្រឡុក មងត្រីបណ្ដូលល្ពៅ រុញស៊ីបរាប់គ្រឿងនៅជុំវិញឡូត៍អភិរក្ស នៅចំណុចខាងមុខបឡត, ពាមបាង ,ជ្រោយធំ បាក់ដាវ…។
ឆ្លើយតបការចោទប្រកាន់នេះ លោកប្រធានភូមិបឡត លោកអនុប្រធានរូបនេះ បានបដិសេធ ហើយថា លោកមិនមែនជាសមត្ថកិច្ចជំនាញជលបទនិងមន្ត្រីនគរបាលយុត្តិធម៌ឡើយ ។
ហើយបទល្មើសដែលប្រើឧបករណ៍ទំនើបដែលមានគឺប្រជានេសាទនិងភាគច្រើនមកពីក្រៅភូមិសាស្ត្របានលួចធ្វើខ្លួនឯង គ្មានអ្នកណាទៅកាងឬការពារបិទបាំងនោះឡើយ ។
ចំណែក ប្រជានេសាទក្នុងភូមិមួយចំនួន ឃើញអ្នកនេសាទពីក្រៅភូមិមកធ្វើបាន ក៏បន្លំប្រព្រឹត្តនឹងគេដែរទៅ ខ្លះ។
ហើយកន្លងមក ពេលភូមិរាយការណ៍ ក៏នាំអោយតែអ្នកប្រព្រឹត្តគេស្អប់ គេគុំគួន។ ហើយបើនៅពេលណា មន្ត្រីជំនាញនិងកងកម្លាំងមិនទៅទប់ស្កាត់និងបង្ក្រាប អ្នកប្រព្រឹត្តខឹងស្ពប់តែភូមិហ្នឹងឯង ។
មេភូមិនិងអនុភូមិស្នើបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយដែលបានរិះគន់ បន្ទោសត្រឹមមេភូមិ ត្រូវធ្វើការជាមួយមេភូមិ អនុភូមិ ហើយចុះទៅដល់ទីតាំងដែលចោទប្រកាន់ថា មានបទល្មើសនេសាទនោះ ថាចាំមើល ពេលអ្នកនេសាទប្រតិកម្ម ចេញយក្ស ចាំតើនរណារត់មុនអ្នកណា?៕សរន