ដោយ: ប.ជ័យ / បន្ទាយមានជ័យ: រថយន្តដឹកជ្រូករស់សាច់២៥ក្បាល ចេញពីព្រំដែនកម្ពុជា-ថៃ គ្មានឯកសារដឹកជញ្ជូននិងវិញ្ញាបនប័ត្របញ្ជាក់សុខភាពពីជំនាញផលិតកម្ម និងបសុព្យាបាលឬពេទ្យសត្វ ត្រូវបានពេទ្យសត្វក្រសួងឬមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឃាត់ ចាប់កាលពីម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
ការឃាត់ខ្លួនជ្រូករស់នេះ គឺយោងតាមបទបញ្ជារបស់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ក្នុងនោះ ក៏មានការសម្របសម្រួលពី លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកងកំលាំងអធិការដ្ឋានស្រុកស្វាយចេក ចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាក Ssangyong ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ2AH-1047។
ម្ចាស់រថយន្តដឹកជ្រូកនិងតាមការបំភ្លឺពីមន្ត្រីជំនាញ នៃការិយល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យថារថយន្តខាងលើនេះបានដឹកសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រកតំបន់១ ស្ថិតក្នុង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គឺដឹកយកទៅចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅ លើផ្លូវលំតែហាំង ភូមិគោករកា ឃុំតាប៉ែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕